មានរឿងអស់សំណើចមួយបានកើតឡើង ដោយក្លើ ២ នាក់ បានជុំគ្នាផឹកស្រាបៀងហ្គាងប៊ឺក។ ចៃដន្យក្លើម្នាក់គាស់ត្រូវរង្វាន់រថយន្ត រួចបានរត់គេចខ្លួននាំទាំងសម្បកនិងក្រវិលកំប៉ុងទៅជាមួយបាត់។
រៀងហេតុកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ បុរសឈ្មោះឌុល ដែន បានឲ្យប្រពន្ធ ឈ្មោះ ឈឹម ភា យកក្រវិលកំប៉ុងស្រាបៀ GANZBERG ដែលត្រូវរង្វាន់ចំនួន១២ ទៅដូរយកស្រាបៀដើម្បីយកមកហូប និងបានហៅមនុស្សរាប់អាន និងធ្លាប់ផឹកស៊ីជាមួយគ្នាឈ្មោះ ស៊ឹម ស៊ន់ មកផឹកជាមួយ ដោយមានគ្នាទាំងអស់៣នាក់ គឺខ្លួន និងប្រពន្ធ ព្រមទាំងឈ្មោះ ស៊ឹម ស៊ន់។

ស្រាប់តែពេលនោះឈ្មោះស៊ឹម ស៊ន់ គាស់ត្រូវរង្វាន់រថយន្តនិងនិយាយប្រាប់គូកនថា «កុំមាត់ចាំគេចែកឲ្យ១ពាន់ ២ពាន់ដុល្លារ»។ រំពេចនោះ បុរសដែលជាម្ចាស់ហៅក្លើមកផឹកមិនសុខចិត្តបាននិយាយថា «ធ្វើអញ្ចឹងម៉េចកើត ខ្ញុំហៅបងឯងមកផឹក ហើយស្រាបៀរជារបស់ខ្ញុំ បើចែកត្រូវចែកគ្នាស្មើ ឬម្នាក់៤០% ម្នាក់៦០% ទើបយុត្តិធម៌»។
ឮដូច្នោះឈ្មោះ ស៊ឹម ស៊ន់ ក៏កាន់កំប៉ុងស្រាបៀ និងក្រវិលកំប៉ុងដែលត្រូវរង្វាន់ រត់ជិះម៉ូតូគេចខ្លួនបាត់ទៅ។
បុរសឈ្មោះ ឌុល ដែន ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់តាខ្មៅ និងប្តឹងទៅក្រុមហ៊ុនស្រាបៀ GANZBERG សុំឲ្យផ្អាកការបើករង្វាន់ជូនឈ្មោះ ស៊ឹម ស៊ន់ ដើម្បីធ្វើការដោះស្រាយគ្នាសិន៕