គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៃក្រសួងសុខាភិបាល និងក្រុមហ៊ុន រ៉ូុយ៉ាល គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដល់បុគ្គលិកប្រមាណជាង ១២០០នាក់ នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
ក្នុងនោះក៏ឃើញមានព្រះសង្ឃមួយអង្គ ទទួលបានការនិមន្តពីអ្នកឧកញ៉ា គិត ម៉េង ដើម្បីទទួលការចាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ ដែលនិមន្តមកពីវត្តក្បាលកោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល ព្រះនាម ឃីន ជីន ជាចៅអធិការវត្ត។
អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា “ខ្ញុំពិតជាមានមោទនភាពណាស់ដែលសមាជិករបស់គ្រួសារ រ៉ូយ៉ាល់គ្រុប ជាច្រើនបានស្ម័គ្រចិត្ត ទទួលវ៉ាក់សាំងបង្ការ និងធ្វើជាគំរូដ៏ល្អមួយសម្រាប់សហគមន៍។ នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ យើងត្រូវជឿជាក់ និងការពារខ្លួនយើងនិងក្រុមគ្រួសាររបស់យើងពីវីរុស តាមរយៈវ៉ាក់សាំងបង្ការដែលត្រូវបានផ្តល់ឲ្យដោយរដ្ឋាភិបាល”។
អ្នកឧកញ៉ាបានប្រាប់ថា “យើងទាំងអស់គ្នាពិតជាមានសំណាងណាស់ដែលអាចទទួលបានវ៉ាក់សាំងបានយ៉ាងលឿន ដោយសារកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ជាពិសេស សម្តេចតេជោ ហ៊ុន សែន និងក្រសួងសុខាភិបាល”៕