គិតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ប្រជាជនកម្ពុជាសរុប មាន ១៥.២៨៨.៤៨៩ នាក់ ក្នុងនោះប្រុស មាន ៧.៤១៨.៥៧៧នាក់ ហើយស្រី ៧.៨៦៩.៩១២ នាក់ (ស្រីច្រើនជាងប្រុស)។ នេះបើតាមលទ្ធផលបឋម ដែលអានដោយសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ក្នុងពិធីប្រកាសតួលេខនៃការជំរឿនប្រជាជនកម្ពុជាលើកទី៣។
ផ្អែកលើតួលេខ អត្រាប្រជាជនប្រចាំឆ្នាំ បានថយចុះពី១,៥ភាគរយ ក្នុងចន្លោះឆ្នាំ១៩៩៨ និង ឆ្នាំ២០០៨ មកនៅ ១,២ភាគរយ ក្នុងចន្លោះឆ្នាំ២០០៨ និងឆ្នាំ២០១៩។ សម្តេចរដ្ឋមន្រ្តី អានរបាយការណ៍ដូច្នេះថា៖«តាមតួលេខបណ្តោះអាសន្ននេះ យើងពិនិត្យឃើញថា ចំនួនប្រជាជនកម្រិតថ្នាក់ជាតិ មាននិន្នាការកើនឡើងយឺត ដោយសារអត្រាផ្តល់កំណើតនិងអត្រាកំណើនប្រជាជន បានថយចុះ…»។
បើតាមតួលេខ រាជធានីភ្នំពេញ មានប្រជាជនច្រើនជាងគេ ដែលមានរហូតដល់ ២.១២៩.៣៧១ នាក់ ហើយខេត្តកែប មានប្រជាជនតិចជាងគេ គឺមានត្រឹម ៤១.៧៩៨នាក់ប៉ុណ្ណោះ។
តួលេខបង្ហាញទៀតថា ជាមធ្យម ក្នុងមួយគ្រួសារ មានចំនួន៤.៦នាក់។ ចំណែក ដង់ស៊ីតេប្រជាជន ស្មើនឹង៨៦នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ (មានន័យថា ជាមធ្យម ទំហំដីមួយគីឡូម៉ែត្រការ៉េ មានប្រជាជន៨៦នាក់)។
ការធ្វើជំរឿនលើកទី៣នេះ មានរយៈពេល១១ថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។ ការងារជំរឿនប្រជាជនកម្ពុជា ត្រូវបានធ្វើឡើង២ដងរួចមកហើយ គឺនៅឆ្នាំ១៩៩៨ និងឆ្នាំ២០០៨ ដែលស្របតាមច្បាប់ស្តីពីស្ថិតិ ដោយកំណត់នូវកាតព្វកិច្ច របស់ប្រជាពលរដ្ឋម្នាក់ៗ ត្រូវចូលរួមសហការ ក្នុងការធ្វើជំរឿន។ ការធ្វើជំរឿនកន្លងមក មានការជួយជ្រោមជ្រែងពីអង្គការដៃគូ ដូចជាអង្គការ UNFPA អង្គការJICA រាជរដ្ឋាភិបាលជប៉ុន និងប្រទេសអាល្លឺម៉ង់។
ការធ្វើជំរឿនផ្លូវការលើកដំបូងកាលពីឆ្នាំ១៩៩៨ កម្ពុជាមានពលរដ្ឋចំនួន១១,៤៣៧,៦៥៦នាក់ ហើយឡើងដល់ ១៣,៣៩៥,៦៨២នាក់នៅឆ្នាំ២០០៨ ។ នៅឆ្នាំ២០១៥ អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា ចំនួនប្រជាជនកម្ពុជាកើនដល់១៥,៥៨លាននាក់។
នៅមុនសង្គ្រាម កម្ពុជា ក៏ធ្លាប់ធ្វើជំរឿនម្តងដែរក្នុងឆ្នាំ១៩៦២៕
ប្រភព៖ ថ្មីៗ