មន្ត្រី៖ មិនមានឈ្មោះក្រុមហ៊ុន Tesla របស់មហាសេដ្ឋី Elon Musk បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មកម្ពុជានោះទេ

សង្គម​ និង​សេដ្ឋកិច្ច

មន្រ្តីក្រសួងពាណិជ្ជកម្ម បានអះអាងថា មិនមានឈ្មោះក្រុមហ៊ុន Tesla របស់មហាសេដ្ឋីលោក Elon Musk បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មកម្ពុជានោះទេ។ នេះបើតាមមន្ត្រីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ ប្រាប់សារព័ត៌មានខេមបូណូមីស នៅថ្ងៃទី៣មេសានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការអះអាង​របស់​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​យ៉ាងដូច្នេះ គឺបន្ទាប់ពីមាន​ការចុះផ្សាយ​​ និងចែកចាយ​ជាបន្តបន្ទាប់​នៅលើ​បណ្ដាញសង្គម​ហ្វេសប៊ុក ដោយថា​ក្រុមហ៊ុន Tesla របស់អាមេរិក​បាន​ចូលមកវិនិយោគ​រកស៊ីនៅកម្ពុជា។

តាមការ​ចែកចាយ​តៗគ្នា​របស់​អ្នកប្រើប្រាស់បណ្ដាញសង្គម ក៏មាន​​ភ្ជាប់​ជាមួយនឹង​រូបភាព​អគារ​តាំងបង្ហាញ​លក់រថយន្ដ​មួយកន្លែង ដែលមាន​ដាក់ឈ្មោះធំៗថា Tesla ដែលធ្វើឲ្យ​ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម​យល់ថា គឺជារបស់​ក្រុមហ៊ុន Tesla អាមេរិក ដែលបានចូលរកស៊ី​នៅក្នុងទីផ្សារកម្ពុជា។

កាលពី​ប្រហែល​១​ខែ​កន្លង​ទៅ​នេះ មានការ​ភ្ញាក់ផ្អើល​​ពី​សាធារណៈជន និងអ្នកសារព័ត៌មាន ដោយសារតែឃើញមាន​អគារ​ក្រុមហ៊ុន​មួយមាន​ទីតាំង​នៅតាមបណ្តោយ​មហាវិថី​សហព័ន្ធ ដោយដាក់ឈ្មោះថា Tesla (ថេសឡា) ដែលដូច​ទៅនឹង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គីសនី​របស់​អាមេរិក Tesla (ថេសឡា) របស់​លោក​មហាសេដ្ឋី Elon Muskដែរ។

ប៉ុន្តែ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ាង ថៃ បានឲ្យដឹងថា មានក្រុមហ៊ុនឈ្មោះ Tesla ដែលបាន​ចុះបញ្ជី​​នៅក្រសួង​ពាណិជ្ជកម្មដែរ ប៉ុន្ដែមិនមែន​ជា​ក្រុមហ៊ុន​សាខា​របស់​ Tesla របស់​លោក​ Elon Musk នោះទេ។

លោក ស៊ាង ថៃ បញ្ជាក់ថា «ខ្ញុំបានឲ្យមន្រ្តីជំនាញ គេសិក្សាស្រាវជ្រាវ ឃើញថា មានក្រុមហ៊ុន ដែលមាន​ចុះឈ្មោះ ដាក់ថា Tesla Industries មួយ និងមួយទៀតគឺ ឈ្មោះ Tesla Engineering and Construction ហើយក្រុមហ៊ុន​ហ្នឹង​មិនមែន​ជាក្រុមហ៊ុន​របស់ លោក​ ELON MUSK ទេ ព្រោះថា​ក្រុមហ៊ុន Tesla ដែលបាន​ចុះបញ្ជីនោះ ទីតាំង​អាស័យដ្ឋាន​របស់គេ ដាក់ថានៅ​មហាវិថីព្រះមុនីវង្ស ចំណែក ក្រុមហ៊ុន Tesla ដែលប្រទះឃើញនោះ គឺនៅផ្លូវសហព័ន្ធរុស្សី ដូចនេះ បើសិន ក្រុមហ៊ុន​ទាំង២នេះ ជាក្រុមហ៊ុន​តែមួយ ត្រូវតែ​មកសុំ​ចុះ​បញ្ជី​ទៀត ព្រោះទីស្នាក់ការ​ខុសគ្នា »។

សូមរម្លឹកថា Tesla គឺជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដ៏​ល្បីល្បាញ​មួយ​នៅ​លើ​ពិភពលោក​ ជារបស់​កំពូល​មហា​សេដ្ឋី Elon Musk ដោយ​បច្ចុប្បន្ន​ក្រុមហ៊ុន​ផ្លូវការ Tesla មាន​សាខានៅតាមប្រទេសប្រមាណ​ជិត ៤០​ប្រទេស​ ហើយ​ក្នុង​នោះ​សម្រាប់​ប្រទេស​សមាជិក​អាស៊ាន​វិញ គឺ​មាន​តែ​សឹ​ង្ហ​បុរី​តែ​មួយ​គត់​៕

ប្រភព៖ សារព័ត៌មានខេមបូណូមីស