ពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតតំបន់បូកគោនៃខេត្តកំពតជាក្រុងបូកគោថ្មីដោយត្រូវកាត់យកឃុំចំនួន ៣ ចេញពីស្រុកទឹកឈូ ខេត្តកំពត គឺឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត ដើម្បីឱ្យមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងការអភិវឌ្ឍឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។

ទាក់ទងនឹងការបង្កើតក្រុងថ្មីនេះ នាយករដ្ឋបាលខេត្តកំពត លោក វិត វឌ្ឍនា មានប្រសាសន៍ថា៖ ការបង្កើតទីក្រុងបូកគោនៅក្នុងខេត្តកំពតនឹងជួយឱ្យការអភិវឌ្ឍនៅទីនោះមានភាពល្អប្រសើរខ្លាំងជាងតំបន់ផ្សេងៗទៀត ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ ទឹក និងភ្លើ្លងជាដើម។ លើសពីនេះ តម្លៃដីនៅទីនោះក៏នឹងមានសន្ទុះខ្លាំងផងដែរ ដោយសារតែគេសង្ឃឹមថានឹងមានគម្រោងវិនិយោគមួយចំនួនចូលមកបោះទុននៅក្នុង និងនៅបរិវេណជុំវិញទីក្រុងបូកគោនេះ។

លោកឧកញ៉ា ផន វណ្ណិត អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍នៅកម្ពុជា បានថ្លែងថា៖ ជារឿងល្អបំផុតដែលរាជរដ្ឋាភិបាល បានបង្កើតក្រុងបូកគោថ្មី នៅក្នុងខេត្តកំពតដែលនឹងជួយលើកមុខមាត់ខេត្តមួយនេះ។ មិនតែប៉ុណ្ណោះ នឹងធ្វើឲ្យមានការរីកចម្រើនលើវិស័យសង្គមកិច្ច និងសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋនៅតំបន់បូកគោ។

លោកបានបញ្ជាក់ថា នៅពេលដែលបង្កើតក្រុងថ្មី សេដ្ឋកិច្ចនៅតំបន់នោះកាន់តែរីកចម្រើន ហើយការអភិវឌ្ឍន៍ផ្សេងៗ ទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងការរក្សាសន្តិសុខនៅតំបន់បូកគោរឹតតែមានភាពល្អប្រសើរឡើងថែមទៀត។
គួរបញ្ជាក់ថា ទីក្រុងថ្មីនេះនឹងកាន់កាប់ដីប្រហែល៥ភាគរយនៅក្នុងឧទ្យានជាតិបូកគោ ឬប្រហែល ៩.០០០ ហិកតា៕