បន្ទាប់ពីបំពានបំរាមលួចបើកអាជីវកម្មរហូតដល់មានអ្នកឆ្លងកូវីដ១៩ ត្រូវបានអាជ្ញាធរសម្រេចបិទ និងដកហូតអាជីវកម្មជាអចិន្ដ្រៃយ៍ ឈ្មោះ Jimmy White Snooker Club ដែលស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ។

មន្ដ្រីបានឲ្យដឹងថា ក្រោយផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ អាជ្ញាធរបានណែនាំឲ្យក្លឹប ដែលមានលក្ខណៈប្រមូលផ្ដុំទាំងអស់ ត្រូវបិទអាជីវកម្មបណ្ដោះអាសន្ន។ ប៉ុន្ដែទីតាំងនេះនៅបន្ដលួចបើក ហើយក្រោយមកអាជ្ញាធរបានណែនាំ២ដងទៀត ឲ្យផ្អាកបណ្ដោះអាសន្ន។

លុះដល់នៅថ្ងៃទី២៧ ខែមីនាកន្លងទៅ ស្រាប់តែរកឃើញថា មានអ្នកកើតជំងឺកូវីដ១៩ បានទៅលេងនៅទីតាំងនោះ ទើបអាជ្ញាធរដឹងថា ទីតាំង Jimmy White Snooker Club បំពានការណែនាំដែលបានប្រាប់នាពេលកន្លងមក។ កម្លាំងអាជ្ញាធរខណ្ឌបឹងកេងកង បានចុះបិទអាជីវកម្ម និងដកហូតអាជ្ញាប័ណ្ណជារៀងរហូត៕