កាលពីថ្ងៃម្សិលមិញសម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ចាត់វិធានការណ៍ច្បាប់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងធ្វើការជាមួយមន្រ្តីតុលាការដើម្បីបង្កើតតុលាការកាត់ទោសអ្នកទោសដែលស្ថិតក្រោមការធ្វើចត្តាឡីស័ក ខណៈ ប្រទេសកំពុងប្រឈមនឹងស្ថានការណ៍កាន់តែអាក្រក់ដោយសារជំងឺកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អភិបាលកិច្ចល្អ គឺជាផ្នែកសំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់ប្រទេស ហើយផ្នែកមួយនៃអភិបាលកិច្ចល្អគឺត្រូវអនុវត្តច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
ប្រសិនបើត្រូវបានផ្តន្ទាទោស អ្នកដែលបំពាននឹងត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារពី ៦ ខែទៅ ៣ ឆ្នាំរួមជាមួយការពិន័យជាប្រាក់ពី ៥០០ ទៅ ២៥០០ ដុល្លារដូចមានចែងក្នុងច្បាប់ថ្មី។
បើតាមសម្តេច៖ ចៅក្រម និងមន្ត្រីតុលាការនឹងត្រូវបំពាក់ឧបករណ៍ការពារខ្លួនអំឡុងពេលដំណើរការសវនាការ។ មន្ទីរព្យាបាលនឹងត្រូវបានត្រៀមរួមស្រេច ប្រសិនបើជនល្មើសបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ ប៉ុន្តែពួកគេត្រូវប្រឈមនឹងការកាត់ទោសដោយសារទង្វើរដែលពួកគេបានប្រព្រឹត្ត។
កម្ពុជាកំពុងប្រឈមនឹងស្ថានភាពកាន់តែអាក្រក់ទៅៗដោយសារជំងឺកូវីដ-១៩ លើកទី៣នេះ ត្រូវបានដាក់ឈ្មោះថាព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលផ្តើមឡើងដោយជនជាតិចិន ៤ នាក់ស្ថិតក្រោមការធ្វើចត្តាឡីស័ក ហើយបានរត់គេចចេញពីសណ្ឋាគា សុខា និងបានសូកប៉ាន់សន្តិសុខ ២ នាក់ផងដែរ។ បន្ទាប់ពីបានរត់ចេញហើយ ពួកគេបានស្នាក់នៅខុនដូជាច្រើនក្នុងរាជធានីភ្នំពេញ។
ចាប់តាំងពីពេលនោះមក សកម្មភាពដែលបំពានការធ្វើចត្តាឡីស័កចាប់ផ្តើមកើតមាន ហើយករណីវិជ្ជមានថ្មីបានកើនឡើងជារៀងរាល់ថ្ងៃ៕