រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញគំរូប្លង់ពីគម្រោងស្ថាបនាផ្លូវ និងច្រាំងទន្លេខាងកើតទន្លេបាសាក់អំពីបេតុង ចាប់ពីស្ពានមុនីវង្សចាស់ដល់តំបន់អភិវឌ្ឍកោះនរា។
ការស្ថាបនាផ្លូវ និងច្រាំងទន្លេធ្វើពីបេតុងនៅតាមទន្លេបាសាក់ត្រើយខាងកើត ក្នុងខណ្ឌច្បារអំពៅ ដើម្បីការពារការបាក់ច្រាំង និងលើកកម្ពស់សោភណភាពក៏ដូចជាជួយសម្រួលលំហូរចរាចរណ៍។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ។។

បើតាមសេចក្ដីជូនដំណឹង ទីតាំងដែលត្រូវស្ថាបនាគឺចាប់ពីចំណុចគល់ស្ពានព្រះមុនីវង្សចាស់ក្នុងភូមិសាស្ត្រសង្កាត់ច្បារអំពៅទី២ រហូតដល់តំបន់អភិវឌ្ឍន៍កោះនរាក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។
នៅពេលនេះក្រុមមន្ត្រីបច្ចេកទេសរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌច្បារអំពៅបានចុះវាស់វែង និងបោះបង្គោលកំណត់ទីតាំងនៃព្រំប្រទល់ដីចំណីច្រាំងទន្លេចាប់ពីចំណុចគល់ស្ពានព្រះមុនីវង្សចាស់ក្នុងភូមិសាស្ត្រសង្កាត់ច្បារអំពៅទី ២ រហូតដល់តំបន់អភិវឌ្ឍន៍កោះនរាក្នុងសង្កាត់និរោធ៕

