មកស្គាល់ CEO ធនាគារ ស្ថាបនា ទើបប្រកាសតែងតាំងថ្មី

សង្គម​ និង​សេដ្ឋកិច្ច

​ធនាគារ ស្ថាបនា បានប្រកាស​តែងតាំង​លោក ហ្វុ​ង កៃ ជីន ជា​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ​ ដើម្បី​សម្រប​តាម​ទិសដៅ​ថ្មី​របស់​ធនាគារ​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ។ នៅក្នុង​ឆ្នាំ​២០២១​នេះ ស្ថាបនា បាន​ខិតខំ​ប្រឹងប្រែង​នាំមក​ជូន​នូវ​បទពិសោធន៍​ដ៏​ថ្មី​បំផុត​ដោយ​ភ្ជាប់​ជាមួយ​ផលិតផល និង​សេវាកម្ម​ធនាគារ​ឌីជីថល​ដ៏​ទំនើប រួមទាំង​បច្ចេកវិទ្យា​ឌីជីថល​ថ្មី​ចុងក្រោយ​ជូន​ដល់​អតិថិជន​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហ្វុ​ង កៃ​ជីន បាន​ថ្លែងថា​៖ “ វា​ជា​អាទិភាព​ចម្បង​របស់​ធនាគារ​ក្នុងការ​អភិវឌ្ឍន៍ សមត្ថភាព​និង ជំនាញ​បុគ្គលិក​ដើម្បី​ប្រឈមមុខ​ជាមួយ​ការប្រកួតប្រជែង​យ៉ាងខ្លាំង​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នេះ​។ យើង​កំពុង​ស្ថិតនៅក្នុង​បរិបថ​ថ្មី​មួយ​ ដែល​បច្ចេកវិទ្យា​ជួយ​សម្រួល​ដល់​ការធ្វើ​ប្រតិបត្តិការ​ធនាគារ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព និង​ចំណាយ​ពេលវេលា​តិច​ជាង​មុន​”។

ប្រធាននាយកប្រតិបត្តិរូបនេះនឹង​យក​បទពិសោធន៍ និង​ជំនាញ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ដ៏​ទូលំទូលាយ​នៅ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ ​ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​ក្នុងការ​ដឹកនាំ​និង​បង្កើន​ភាព​រីកចម្រើន​ដល់ ធនាគារ ស្ថាបនា ឲ្យ​ក្លាយ​ជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

គួរជម្រាបជូនដែលថា លោក ហ្វុ​ង កៃ ជីន បានបញ្ចប់​អនុបណ្ឌិត​ផ្នែក​រដ្ឋបាល​ពាណិជ្ជកម្ម ពី​សាកលវិទ្យាល័យ Curtin នៅ Perth អូស្ត្រាលី​ខាងលិច និង​បរិញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច​ពី​វិទ្យាស្ថាន Royal Melbourne នៃ​បច្ចេកវិទ្យា Melbourne ប្រទេស​អូស្ត្រាលី​៕​