ត្រីចក្រយានយន្តប្រើថាមពលអគ្គិសនី Onion T1 បានបង្ហាញរូបរាងជាផ្លូវការ ដែលផលិតចេញពីរោងចក្រនៅកម្ពុជា ហើយគ្រោងបញ្ចេញលក់លើទីផ្សារនាចុងឆ្នាំឆ្នាំ ២០២១ នេះ។
សេចក្តីប្រកាសព័ត៌មានរបស់ Onion Mobility Co.,Ltd ឱ្យដឹងថា Onion T1 គឺជាត្រីចក្រយានយន្តអគ្គិសនីដ៏ទំនើប និងមានផាសុកភាព ដែលអាចបើកបានចម្ងាយ ១០០ គីឡូម៉ែត្រនៅពេលសាកអាគុយពេញ ឬជាមធ្យមចំណាយប្រហែល ២ ដុល្លារសម្រាប់ការធ្វើដំណើរ ១០០ គីឡូម៉ែត្រ។ ការចំណាយនេះគឺទាបជាង ២០ ភាគរយ បើធៀបនឹងត្រីចក្រយានយន្តប្រើប្រាស់ឧស្ម័ន LPN ដែលកំពុងចរាចរច្រើននៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មានឱ្យដឹងទៀតថា ក្រៅពីមានរូបរាងស្អាតទូលាយ មិនមានសំឡេងរំខាន និងសន្សំសំចៃ Onion T1 ក៏បានចូលរួមចំណែកក្នុងការការពារបរិស្ថានផងដែរ។
គួរបញ្ជាក់ថា កាលពីដើមខែកុម្ភៈ ឆ្នាំ ២០២១ ក្រុមហ៊ុន Onion Mobility Co.,Ltd បានទទួលការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីសង់រោងចក្រផ្គុំដំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តប្រើថាមពលអគ្គិសនីស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសសុវណ្ណភូមិ ខេត្តកណ្តាល ក្រោមទុនវិនិយោគ ២០ លានដុល្លារ។