អគ្គនាយកដ្ឋានគយ ប្រមូលចំណូលបាន ៦១៤.៨ លានដុល្លារអាមេរិក ក្នុងត្រីមាសទី១

សង្គម​ និង​សេដ្ឋកិច្ច

បើទោះស្ថិតក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ១៩យ៉ាងណាក្តី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រមូលចំណូលក្នុងត្រីមាសទី១ ចំនួន ២,៤៨៩.៨ ប៊ីលានរៀល (ស្មើនឹង ៦១៤.៨ លានដុល្លារអាមេរិក) ថយចុះប្រមាណ ១៥.២% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០កន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លទ្ធផលប្រមូលចំណូលនេះគឺសម្រេចបាន២៦% នៃផែនការឆ្នាំដែលកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករប្រចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០២១។

បើគិតតាមប្រភេទពន្ធ និងអាករនោះ យើងឃើញថា អាករលើតម្លៃបន្ថែមមានចំនួន ៩៣០.៧ ប៊ីលានរៀល (ត្រូវជាប្រមាណ ៣៧.៤%នៃចំណូលសរុប), អាករពិសេសមាន ៩៥៨ ប៊ីលានរៀល (ត្រូវជា ៣៨.៥%នៃចំណូលសរុប), ពន្ធគយមាន ៤៤៣.៥ ប៊ីលានរៀល (ត្រូវជា ១៧.៨%នៃចំណូលសរុប), អាករបន្ថែមលើផលិតផលប្រេងមាន ១០៦.៧ ប៊ីលានរៀល (ត្រូវជា ៤.៣%នៃចំណូលសរុប), និងអាករនាំចេញនិងកម្រៃផ្សេងៗមាន ៥១ ប៊ីលានរៀល (ត្រូវជា ២%នៃចំណូលសរុប)។

បើគិតតាមក្រុមទំនិញវិញ ចំណូលពីយានយន្ត និងគ្រឿងចក្រមានចំនួន ១,០៨៣.៣ ប៊ីលានរៀល គ្របដណ្តប់ ៤៣.៥% នៃចំណូលសរុប, ទំនិញចម្រុះមានចំនួន ៦៨២.៣ ប៊ីលានរៀល ត្រូវជា ២៧.៤%នៃចំណូលសរុប, ផលិតផលតេលសិលាមានចំនួន ៥៦៨.៣ ប៊ីលានរៀល ស្មើនឹង ២២.៨% នៃចំណូលសរុប និង សម្ភារសំណង់និងកម្រៃផ្សេងៗ មានចំនួន ១៥៥.៩ ប៊ីលានរៀល ស្មើនឹង ៦.៣%នៃចំណូលសរុប។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានគូសបញ្ជាក់ថា កំណើនល្អប្រសើរនៃការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ បានឆ្លុះបញ្ចាំងពីលទ្ធផល នៃការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្ម វិស័យឧស្សាហកម្មនៅកម្ពុជា៕