ហាងនំបុ័ងមួយកន្លែងក្នុងក្រុងសៀមរាបបានបង្កើតការចាប់អារម្មណ៍មួយ ដោយបានផលិតនំបុ័ងខ្នាតយក្សមានប្រវែង ១ម៉ែត្រ ដើម្បីទាក់ទាញអតិថិជន។
ម្ចាស់ហាងនំបុ័ងនៅផ្សារលើក្រុងសៀមរាបដែលមានឈ្មោះ ថោង ប៊ុនថារី បានប្រាប់ពីគោលបំណងផលិតនំបុ័ងខ្នាតធំនេះឡើង គឺចង់ផ្សព្វផ្សាយពីសមត្ថភាពនៃហាងនំបុ័ងរបស់លោក ដែលអាចផលិតនំធំបែបនេះឡើង ដែលកន្លងមកធ្លាប់មានការនិយាយថា មិនអាចធ្វើបាន តែពេលនេះវាកើតឡើងពិតប្រាកដ។
ថៅកែហាងនំបុ័ងនៅក្រុងសៀមរាបដែលបើកអាជីវកម្មតាំងពីឆ្នាំ១៩៨៩ បានប្រាប់តិកនិកធ្វើនំបុ័ងដ៏ធំនេះ មិនមែនចេះតែធ្វើៗនោះទេ គឺត្រូវការបទពិសោធន៍ និងសមត្ថភាពពិតប្រាកដ។
បើតាមម្ចាស់ហាងរូបនេះ នំបុ័ងខ្នាតយក្សដែលមានប្រវែង១ម៉ែត្រ ទទឹង ៤០សង់ទីម៉ែត្រ និងទម្ងន់ម្សៅចំនួន៣គីឡូក្រាមនេះ បានប្រើប្រាស់វត្ថុធាតុដើមសំខាន់ៗរួមមាន ប័រ ល្ងខ្មៅ ដើម្បីធ្វើឲ្យនំឈ្ងុយប្លែក រីឯសាច់នំផ្អែមប្រៃ អាចញុំាលេង ឬដាក់ជាមួយសាច់ចៀនក៏បាន ហើយជាអាហារល្អសម្រាប់ក្រុមគ្រួសារដែលមានសមាជិក ៤ ទៅ៥នាក់ អាចពិសារបានរយៈពេលមួយសប្ដាហ៍ទៅ១០ថ្ងៃ តែត្រូវរក្សាវាឲ្យបានល្អផងដែរ៕