កម្ពុជានៅមានបញ្ហាប្រឈមមួយចំនួនក្នុងការអភិវឌ្ឍ វិស័យកសិកម្ម ពិសេសគឺផលិតភាពកសិកម្មនៅមានកម្រិតទាប និងការប្រកួតប្រជែងទីផ្សារនៃផលិតផលកសិកម្មនៅពុំទាន់ដោះស្រាយបានល្អប្រសើរ ដែលទាំងនេះជាហេតុធ្វើឱ្យកសិករកម្ពុជាមានការលំបាក។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
នេះយោងបើតាមការលើកឡើងរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទក្នុងកិច្ចប្រជុំស្តីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០ ក្រោមប្រធានបទ (Building Back Better) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រៀបចំដោយធនាគារពិភពលោក នៅព្រឹកថ្ងៃទី២៣ខែមេសានេះ។
លោក វេង សាខុន បានថ្លែងថា ទោះជាយ៉ាងណាក៏ដោយក្នុងបរិកាណ៍នៃការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ ក្រសួងក៏បានផ្តោតលើការងារសំខាន់ៗមួយចំនួនទៀត ដែលជាការឆ្លើយតបទៅនឹងបញហាប្រឈមទាំងនេះរួមមាន៖
១-ជំរុញការអភិវឌ្ឍដំណាំស្រូវ ដំណាំសាកវប្បកម្មនិងដំណាំឧស្សាហកម្ម ដោយលើកកម្ពស់ផលិតភាព គុណភាព និងសុវត្ថិភាព ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ និងទីផ្សារក្នុងស្រុក តាមរយៈការប្រើប្រាស់ពូជដំណាំមានគុណភាព ការធ្វើពិពិធកម្មប្រភេទដំណាំ ការអនុវត្ត បង្គុំបច្ចេកទេសទំនើប ការលើកកម្ពស់ការអនុវត្តកសិកម្មល្អ និងការផ្តល់សេវាបច្ចេកទេសកសិកម្មថ្មី និងបច្ចេកវិទ្យាវៃឆ្លាតធន់នឹងអាកាសធាតុដល់កសិករ និងសហគមន៍កសិកម្ម។ ពង្រឹងវិធានការការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ដើម្បីកាត់បន្ថយការរាតត្បាតសមាសភាពចង្រៃ ព្រមទាំងត្រូវត្រៀមបម្រុងគ្រាប់ពូជដំណាំសម្រាប់ចែកជូនដល់កសិករ ដើម្បីស្តារផលិតកម្មដំណាំនៅតាមតំបន់ដែលរងគ្រោះដោយសារកត្តាធម្មជាតិ។ បន្ថែមលើសពីនេះ ក្រសួងបន្តជួយដល់ប្រជាកសិករតាមគ្រប់រូបភាពសំដៅដល់ការបង្កើតកសិដ្ឋានថ្មីៗ ព្រមទាំងគាំទ្រ និងពង្រីកទំហំផលិតកម្មស្បៀងដែលឆាប់ផ្តល់ផលសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
២-ជំរុញការចិញ្ចឹមសត្វ ធានាការផ្គត់ផ្គង់សាច់ និងផលិតផលសត្វមានគុណភាព អនាម័យ និងសុវត្ថិភាព សម្រាប់បំពេញតម្រូវការហូបចុករបស់ប្រជាពលរដ្ឋ លើកទឹកចិត្តដល់ប្រជាកសិករដែលចិញ្ចឹមសត្វជាលក្ខណៈគ្រួសារឱ្យបង្កើនការចិញ្ចឹមសត្វដែលមានវដ្ដផលិតកម្មខ្លី។ ជំរុញការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្មឱ្យបង្កើនទុនវិនិយោគបន្ថែមទៀតក្នុងការពង្រីកកសិដ្ឋានចិញ្ចឹមសត្វ និងបង្កើនផលិតកម្មសត្វ។ ជំរុញការផលិតចំណីសត្វ បង្កើនទុនសម្រាប់ការទិញវត្ថុធាតុដើមក្នុងស្រុក ដើម្បីបង្កើនការផលិតចំណីសត្វ ធានានូវគុណភាព សុវត្ថិភាព និងមានតម្លៃសមស្រប។
៣-ជំរុញការអភិវឌ្ឍវារីវប្បកម្មគ្រប់រូបភាពដល់ប្រជាកសិករ និងអ្នកវិនិយោគ ដើម្បីធានាបាននូវការផ្គត់ផ្គង់ត្រី រក្សាបានតុល្យភាពតម្លៃទីផ្សារ ព្រមទាំងធានាបាននូវគុណភាព និងសុវត្ថិភាពដល់អ្នកបរិភោគ បង្កើនការផលិតកូនត្រីពូជឱ្យបានគ្រប់គ្រាន់ ដើម្បីចែកចាយដល់កសិករនៅតំបន់ដែលមានសក្តានុពលក្នុងការធ្វើវារីវប្បកម្ម ផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធានហិរញ្ញវត្ថុដល់សហគមន៍នេសាទ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម។
៤-រៀបចំកសាងគម្រោង/ផែនការផលិតកម្មស្បៀង ស្របតាមផែនការមេវិស័យកសិកម្មឆ្នាំ២០៣០ និងជំរុញការអនុវត្តផែនការសកម្មភាពនេះ ដើម្បីបង្កើនផលិតកម្មស្បៀងអាហារ (បន្លែ ផ្លែឈើ ត្រី សាច់) សម្រាប់ផ្គត់ផ្គង់សេចក្តីត្រូវការហូបចុកក្នុងប្រទេសឱ្យបានគ្រប់គ្រាន់ក្នុងបរិការណ៍នៃជំងឺកូវីដ-១៩នេះ។
ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារពិភពលោក អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ លេខាធិការដ្ឋានអាស៊ាន ព្រមទាំងបណ្តាប្រទេសជាមិត្ត ដែលមានវត្តមានក្នុងកិច្ចប្រជុំតុមូលនេះ ដែលជានិច្ចជាកាលបានខិតខំនិងសហការយ៉ាងល្អក្នុងការធានាបាននូវប្រព័ន្ធស្បៀងសម្រាប់ប្រទេសរៀងខ្លួនៗ ដើម្បីរួមចំណែកដល់ការធានាបាននូវសន្តិសុខស្បៀងជាសាកល៕
សូមចុចអានអត្ថបទខាងក្រោម៖