រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានប្រាប់កុំឱ្យប្រជាពលរដ្ឋកុំចំណាយពេលវេលាទៅមើលព័ត៌មានរន្ធត់ ព័ត៌មានប្រឌិត ដែលវាអាចបណ្តាលឱ្យកើតជំងឺផ្លូវចិត្តមិនដឹងខ្លួន ក្នុងពេលកើតមានវិបត្តិកូវីដ-១៩។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
លោកជំទាវ ឱ វណ្ណឌីន ថ្លែងថា “ក្នុងមួយថ្ងៃប្រសិនបើយើងចំណាយពេល២ម៉ោង ក្នុងការអាន ឬមើលព័ត៌មានដែលរន្ធត់ ព័ត៌មានដែលមិនពិត ព័ត៌មានដែលប្រឌិត ធ្វើឱ្យយើងខ្វាយខ្វល់ យើងរន្ធត់ពេក បើសិនជាយើងមើលបែបហ្នឹង ក្នុងរយៈពេល ២ ម៉ោង ក្នុងរយៈពេល ២សប្តាហ៍ លោកអ្នកនឹងមានជំងឺផ្លូវចិត្ត”។
បើតាមលោកជំទាវ នៅក្នុងបរិបទនៃការប្រយុទ្ធនឹងជំងឺកូវីដ១៩ គេក៏សង្កេតឃើញថាមានបងប្អូនមួយចំនួន ក៏មានបញ្ហាផ្លូវចិត្ត ដូច្នេះគេធ្វើការសិក្សាទៅថាតើបញ្ហាផ្លូវចិត្តហើយរកឃើញថាបញ្ហាផ្លូវចិត្តក៏កើតចេញមកពីការអានព័ត៌មានឥតប្រយោជន៍នេះដែរ។
លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា “ឥឡូវយើងមាន អ្នកមួយចំនួន ក៏កំពុងតែស្ថិតក្នុងស្ថានភាពនេះដែរ អញ្ចឹងសំខាន់ណាស់ ដើម្បីកុំឱ្យខ្លួនយើងធ្លាក់ទៅលើបញ្ហាផ្លូវចិត្ត កុំទៅមើលអារព័ត៌មានណាចេញតែផ្តេសតែផ្តាស់រុញវាចោល លុបវាចោលទៅ”៕