គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា ASEAN មានវ័យ ៥៥ឆ្នាំហើយ។ ការបង្កើតអង្គការនេះ គឺជំរុញនូវកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការវិវត្តសង្គមសម្រាប់សមាជិកទាំងអស់ រួមជាមួយការការពារស្ថិរភាពនៅក្នុងតំបន់ ព្រមទាំងផ្ដល់យន្តការមួយសម្រាប់ប្រទេសជាសមាជិកដើម្បីដោះស្រាយទំនាស់ដោយសន្តិវិធី។
អាស៊ានគ្រប់ដណ្ដប់លើផ្ទៃដី៤.៤លានគីឡូម៉ែត្រការ៉េ ស្មើនឹង៣%នៃផ្ទៃដីផែនដីសរុប។ អាស៊ានគ្របដណ្ដប់ទៅលើដែនទឹកធំជាងដែនគោកចំនួន ៣ដង។ប្រទេសជាសមាជិកទាំងអស់មានប្រជាជនសរុបប្រមាណ៦២៥លាននាក់ ស្មើនឹង៨%នៃប្រជាជនពិភពលោក។
អាស៊ាន ឬ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដោយប្រទេសចំនួន៥ រួមមាន៖ «ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃ នាទីក្រុងបាងកក ប្រទេសថៃ»។ គេហទំព័រឧកញ៉ាញូស៍ សូមលើកយកកាលបរិច្ឆេទនៃការចូលជាសមាជិកនៃបណ្តាប្រទេសអាស៊ានទាំង ១០ មានជាអាថ៍៖
១. ថៃ ចូលជាសមាជិកអាស៊ាន ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧
២. ម៉ាឡេស៊ី ចូលជាសមាជិកអាស៊ាន ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧
៣. សិង្ហបុរី ចូលជាសមាជិកអាស៊ាន ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧
៤. ហ្វីលីពីន ចូលជាសមាជិកអាស៊ាន ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧
៥. ឥណ្ឌូនេស៊ី ចូលជាសមាជិកអាស៊ាន ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧
៦. ព្រុយណេ ដារូសាលឹម ចូលជាសមាជិកអាស៊ាន ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៨៤
៧. វៀតណាម ចូលជាសមាជិកអាស៊ាន ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៩៥
៨. មីយ៉ាន់ម៉ា ចូលជាសមាជិកអាស៊ាន ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៩៧
៩. ឡាវចូលជាសមាជិកអាស៊ាន ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៩៧
១០. កម្ពុជាចូលជាសមាជិកអាស៊ាន ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩