នាមជាសមាជិក នៃគ្រួសារអាស៊ាន កម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជាមួយប្រទេសអាស៊ានផ្សេងទៀត ដើម្បីជួយមីយ៉ាន់ម៉ា ត្រឡប់ទៅរកភាពប្រក្រីឡើងវិញ ក្នុងតួនាទីនិងតាមទម្រង់ណាមួយ ដែលអាចធ្វើទៅបាន អនុលាមតាមគោលការណ៍អាស៊ាន ហើយគ្រប់ភាគីទាំងអស់ អាចទទួលយកបាន។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំពិសេសក្រៅផ្លូវការមេដឹកនាំអាស៊ាននៅទីក្រុងហ្សាកាតា ប្រទេស៊ណ្ឌូនេស៊ី នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

សម្តេចតេជោបានថ្លែងថា ការរក្សាសាមគ្គីភាព នឹងបន្តពង្រឹងតួនាទីស្នូលរបស់អាស៊ាន មានសារ:សំខាន់ស្លាប់រស់ ពុំនោះទេការកសាងសហគមន៍អាស៊ាន មិនអាចបន្តទៅមុខបានឡើយ។ ក្នុងពេលចំពោះមុខនេះដែរ អាស៊ានត្រូវតែខិតខំជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ ដើម្បីអនុវត្តឲ្យបានជោគជ័យ នូវផែនការសកម្មភាព ក្នុងក្របខណ្ឌស្តារឡើងវិញ នូវទូលំទូលាយរបស់អាស៊ាន (ASEAN Comprehensive Recovery Framework) ។

ពាក់ព័ន្ធការលើកកម្ពស់ទំនាក់ទំនងអាស៊ាន ជាមួយដៃគូខាងក្រៅ សម្តេចតេជោថ្លែងថា អាស៊ានគួរតែលើកកម្ពស់ និងពង្រីកទំនាក់ទំនងជាមួយដៃគូខាងក្រៅ ព្រោះវាសំខាន់សម្រាប់ជំរុញដំណើរការអាស៊ាន ទាំងវិស័យនយោបាយ និងសន្តិសុខ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅក្នុងតំបន់ ពិសេសការសិក្សាវាយតម្លៃឲ្យបានល្អិតល្អន់ រាល់សំណើរសុំតម្លើងកម្រិតទំនាក់ទំនង និងបង្កើតទំនាក់ទំនងជាមួយអាស៊ាន ក្នុងនោះរួមមានពីចិន អាស្រ្តាលី និងអង់គ្លេស។

ដោយឡែកទាក់ទិន ទៅនឹងស្ថានការណ៍នយោបាយ និងសន្តិសុខនៅមីយ៉ាន់ម៉ា សម្តេចតេជោបានថ្លែងទៅកាន់ មេដឹកនាំអាស៊ានដែរថា កម្ពុជាប្រកាន់ខ្ជាប់គោលការណ៍ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា។ ក្នុងនាមជាគ្រួសារអាស៊ានតែមួយ កម្ពុជាបានតាមដានយ៉ាងយកចិត្តទុកដាក់ អំពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ដែលកាន់តែមានសភាពស្រួចស្រាល និងស្មុគ្រស្មាញគួរឲ្យព្រួយបារម្ភ។
ជាមួយគ្នានេះដែរ កម្ពុជាគាំទ្រសេចក្តីថ្លែងការណ៍ របស់ប្រធានអាស៊ាន កាលពីថ្ងៃទី១ខែកុម្ភះ និងក្រោយពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ថ្ងៃទី២ខែមីនា ដែលអំពាវនាវឲ្យគ្រប់ភាគីរក្សាការអត់ធ្មត់ ចៀសវាងអំពើហឹង្សា និងធ្វើការចរចារកដំណោះស្រាយដោយសន្តិវិធី។

កម្ពុជាគាំទ្រដល់តួនាទីសម្របសម្រួលរបស់ប្រធានអាស៊ាន ក៏ដូចជាអគ្គលេខាធិការអាស៊ាន និងសមាជិកអាស៊ានផ្សេងទៀត ដែលអាចដើរតួនាទីជាបេសកជនពិសេស របស់អាស៊ាន ក្នុងការបង្កើតបរិយាកាសអនុគ្រោះ ដើម្បីជំរុញឲ្យមានការចរចាប្រកបដោយលក្ខណ:ស្ថាបនា ដើម្បីជួយមីយ៉ាន់ម៉ារដោះស្រាយវិបត្តិ និងទប់ស្កាត់កុំឲ្យស្ថានការណ៍ធ្លាក់កាន់តែដុនដាប ពោលគឺយើងអាចពិចារណាប្រើយន្តការអាស៊ានត្រីភាគី (ASEAN Troika) ដើម្បីជួយសម្របសម្រួលរវាងភាគីពាក់ព័ន្ធ ដើម្បីជំរុញការចរចាដោយស្ងាត់ៗ រវាងភាគីពាក់ព័ន្ធ។ ផ្ទុយទៅវិញបើមានការជួយសម្របសម្រួល នោះភាគីដែលកំពុងប្រឈមមុខដាក់គ្នា អាចងាកមករកការដោះស្រាយដោយសន្តិវិធីវិញ ពោលគឺគ្មានភាគីណាចង់ឃើញការបង្ហូរឈាម និងបាត់បង់ជីវិតប្រជាជននោះទេ៕