យោងតាមសេចក្ដីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលឲ្យក្រសួងពាណិជ្ជកម្ម រៀបចំសម្របសម្រួលផ្គត់ផ្គង់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ ដើម្បីដាក់លក់ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម នៅភូមិសាស្ត្ររាជធានីភ្នំពេញ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញ៉ារីទ្ធ បានបង្ហាញយោបល់ថា៖ ឃើញក្រសួងពាណិជ្ជកម្មចាត់ចែងបើកស្តង់លក់ទំនិញក្នុងពេលបិទខ្ទប់ នេះជាគំនិតផ្តួចផ្តើមមួយល្អ ។ ប៉ុន្តែខ្ញុំគិតលេងៗថា ក្រសួងពាណិជ្ជកម្មអាចលក់បង់រំលស់ជូនអ្នកដែលមិនមានលុយគ្រប់គ្រាន់ ហើយអនុញ្ញាតអោយអ្នកលក់ដូរធម្មតាលក់នៅជិតនោះសម្រាប់អ្នកមានលុយគ្រប់គ្រាន់ ។

បើតាមលោករដ្ឋមន្ត្រី ការធ្វើយ៉ាងនេះ យើងជួយអ្នកមានជីវភាពខ្វះខាតផង អនុញ្ញាតអោយប្រជាពលរដ្ឋ ( អ្នកចាក់វ៉ាក់សាំងបាន ២ លើកហើយ ) មានប្រភពចំណូលវិញផង ។ ឬ បើមិនចង់ស្មុគស្មាញលក់រំលស់ទេ ក្រសួងមិនបាច់លក់ ទុកអោយឯកជនទាំងអស់ក៏បាន ( ក្រសួងត្រួតពិនិត្យតម្លៃ ) ធ្វើបែបនេះ គឺមន្ត្រី រាជការមិនលំបាកនឹងមកលក់ដូរផងដែរ ។

សូមជម្រាបជូនថា គិតត្រឹមយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម លក់បានអង្ករ២១៨បាវ, មីជាតិ៦២៣កេស, ទឹកត្រី១៤៨យួរ, ទឹកស៊ីអ៊ីវ ១៦៧យួរ, ត្រីខ ៣៥៥យួរ, បន្លែ១១៥ គីឡូក្រាម និងសាច់ក្រក១៣ គីឡូក្រាម ក្នុងតម្លៃទាបជាងទីផ្សារ ជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅតំបន់ក្រហម។ ដោយឡែកការបញ្ជាទិញតាមរយៈទីផ្សារអនឡាញវិញ មានការបញ្ជាទិញរហូតដល់៤១២ ប្រតិបត្តិការឯណោះ (គិតត្រឹមម៉ោង១៥ និង៣០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១)៕
