បើទោះបីស្ថានស្ថិតក្នុងស្ថានភាពនៃការរាតត្បាតជំងឺកូវីដយ៉ាងក្តី ក៏កម្ពុជានៅតែចាប់ផ្តើមនាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារចិន បន្ទាប់ពីរដ្ឋបាលគយប្រទេសចិនបាន អនុញ្ញាតជាផ្លូវការទទួលស្គាល់ស្តង់ដាភូតគាមអនាម័យរោងចក្រវេចខ្ចប់ និងចម្ការស្វាយសរុប ៤២ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោក វេង សាខុន បានថ្លែងឲ្យដឹងថា៖ ការរៀបចំពិធីជាផ្លូវការនៃការនាំចេញផ្លែស្វាយស្រស់ចេញពីកម្ពុជាទៅកាន់ប្រទេសចិន ក្រសួងនឹងសហការជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដើម្បីពិនិត្យមើលលទ្ធភាពនិងពេលវេលាដែលអាចប្រព្រឹត្តនៅក្នុងសប្តាហ៍នេះ។
លោក វេង សាខុនបានបន្តថា អគ្គរដ្ឋបាលគយចិន បានអនុម័តទទួលស្គាល់ជាផ្លូវការនូវបញ្ជីឈ្មោះចម្ការស្វាយចំនួន៣៧ និងរោងចក្រវេចខ្ចប់ចំនួន០៥ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិន។
គួររម្លឹកជូនដែលថា ក្រសួងកសិកម្ម បានចាប់ផ្តើមទំនាក់ទំនងចរចាបើកទីផ្សារជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) តាំងពីដើមឆ្នាំ២០១៨ហើយរហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ទើបទទួលបានការឯកភាព និងឈានដល់ការចុះហត្ថលេខានៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ លើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។
នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ មន្ត្រីជំនាញនៃ GACC ប្រចាំខេត្តក្វាងស៊ី បានដំណើរការត្រួតពិនិត្យចម្ការស្វាយ និងរោងចក្រប្រព្រឹត្តកម្មកម្តៅកម្ចាត់ពងរុយចោះផ្លែស្វាយ តាមរយៈប្រព័ន្ធវីឌីអូ។ ជាលទ្ធផល បន្ទាប់ពីការចរចាបើកទីផ្សារអស់រយៈពេលជាង៣ឆ្នាំ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ GACC បានអនុម័តទទួលស្គាល់ជាផ្លូវការនូវបញ្ជីឈ្មោះចម្ការស្វាយចំនួន៣៧ និងរោងចក្រវេចខ្ចប់ចំនួន០៥ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិន។
រោងចក្រវេចខ្ចប់ទាំង០៥ នោះ រួមមាន ១-ក្រុមហ៊ុន HYUNDAI MAO LEGACY CO., LTD; ២-ក្រុមហ៊ុន SHANGDA JIAN HUI INTERNATIONAL AGRICULTURE PRODUCT AND LOGISTIC; ៣-ក្រុមហ៊ុន AL JAZEELAND FOOD PTE. LTD; ៤-ក្រុមហ៊ុន LONG WO AGRICULTURE (CAMBODIA) CO., LTD និង៥-ក្រុមហ៊ុន BOEUNG KET FRESH FRUITS CO., LTD ។
ផ្លែស្វាយស្រស់កម្ពុជាគឺជាផ្លែឈើស្រស់ទី២បន្ទាប់ពីផ្លែចេកស្រស់ដែលអាចនាំចេញទៅប្រទេសចិនដោយផ្ទាល់។ នេះគឺជាសមិទ្ធិផលផ្លែផ្កាថ្មីមួយទៀតដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណៈរដ្ឋប្រជាមានិតចិន៕