សេដ្ឋីប្រាក់លានជាច្រើននៅប្រទេសឥណ្ឌា កូវីដ-១៩ ផ្ទុះខ្លាំងពេកជួលយន្តហោះឯកជនសម្រុកទៅបរទេស

សង្គម​ និង​សេដ្ឋកិច្ច

រលកទី២នៃជំងឺកូវីដ-១៩នៅក្នុងប្រទេសឥណ្ឌា បានធ្វើឲ្យកន្លែងបញ្ចុះសពណែនតាន់តាប់ទប់លែងឈ្នះ ខណៈក្រុមគ្រួសារអ្នកស្លាប់ ត្រូវបានគេបង្ខំឲ្យបូជាសពជនរងគ្រោះនៅលើដីរបស់ពួកគេផ្ទាល់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាព អិនធើណេត

ប្រទេសនេះបានប្រកាសចំនួនអ្នកឆ្លងថ្មីក្នុងកម្រិតកំណត់ត្រា ៣៥២,៩៩១ករណី និងអ្នកស្លាប់ចំនួន២,៨១២នាក់កាលពីថ្ងៃចន្ទ ព្រោះ​​មើល​​ឃើញ​​ទិន្នន័យ​គួរ​​ឲ្យ​​ខ្លាច​បែប​នេះ បណ្ដា​ប្រទេស​មួយ​ចំនួន​បាន​ប្រកាស​ផ្អាក​ទទួល​​​​អ្នក​ដំណើរ​ដែល​មក​ពី​ប្រទេស​ឥណ្ឌា។

មុន​ការ​ហាមឃាត់ មានមហា​សេដ្ឋី​ជនជាតិ​ឥណ្ឌាជាច្រើន ​​បាន​នាំ​គ្នា​សម្រុក​ចាក​ចេញ​ពី​ប្រទេស​ទៅ​កាន់​បរទេស។ មធ្យោបាយ​ដែល​ពេញ​និយម​សម្រាប់​ក្រុម​សេដ្ឋី​ទាំង​នោះ​គឺ​ការ​​ជួល​​​យន្តហោះ​ឯកជន ហើយ​ទិសដៅ​ដែល​ទៅ​ច្រើន​គឺ​​សហព័ន្ធ​អារ៉ាប់រួម ដោយសារ​​វា​ជា​ទិសដៅ​នៅ​កៀក​នឹង​ប្រទេស​ឥណ្ឌា។

សហព័ន្ធ​អារ៉ាប់​រួម​បាន​ប្រកាស​ហាមឃាត់​ការ​ធ្វើ​ដំណើរ​​ដែល​មក​ពី​ឥណ្ឌា​រយៈពេល​១០​ថ្ងៃ រាប់​ចាប់​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០២១​ត​ទៅ។ ហេតុ​ដូច្នេះ​ហើយ​ទើប​ឥណ្ឌា​នាំ​គ្នា​សម្រុក​ទៅ​ទីនោះ​ឲ្យ​បាន​មុន​ថ្ងៃ​កំណត់។

អ្នក​នាំ​ពាក្យ​ពី​ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន Air Charter Service India បាន​ប្រាប់​សារព័ត៌មាន AFP ថា កំណើន​ការ​ជួល​យន្តហោះ​​មាន​សន្ទុះ​​ច្រើន​ជាង​មុន​ខ្លាំង​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។ តួ​យ៉ាង​ដូច​ជា​​ការ​ហោះហើរ​​ឯកជន​ចំនួន​១២ សុទ្ធ​តែ​មាន​ភ្ញៀវ​ពេញៗ​តែ​ម្ដង​កាល​ពី​ថ្ងៃ​ទី​​២៤ ខែ​មេសា។

រូបភាព អ៊ិនធើណេត

ក្រុមហ៊ុន​ឯកជន​មួយ​ទៀត​គឺ Enthral Aviation ក៏​បាន​អះអាង​ដែរ​ថា កន្លង​មក​ប៉ុន្មាន​ថ្ងៃ​នេះ ចំនួន​អ្នក​សួរនាំ​ពី​​​តម្លៃ​ជួល​យន្តហោះ​មាន​ច្រើន​ដល់​រាប់​រយ​នាក់។ “យើង​បាន​ស្នើ​យក​យន្តហោះ​ពី​ក្រៅ​ប្រទេស​បន្ថែម​ទៀត​ ដើម្បី​បំពេញ​តម្រូវការ…វា​មាន​តម្លៃ ៣៨០០០​ដុល្លារ​ក្នុង​ការ​ជួល​យន្តហោះ​១៣​កៅអី ពី​ទីក្រុង​​បុមបៃ​ទៅ​កាន់​ទីក្រុង​ឌូបៃ ហើយ​តម្លៃ ៣១០០០​ដុល្លារ​ក្នុង​ការ​ជួល​យន្តហោះ​៦​កៅអី” នេះ​ជា​ការ​​រៀបរាប់​របស់​ក្រុមហ៊ុន Enthral Aviation ទៅ​កាន់​សារព័ត៌មាន The Economic Times។ Enthral Aviation បាន​បញ្ជាក់​ទៀត​ថា ក្រៅ​ពី​ឌូបៃ ការ​ធ្វើ​ដំណើរ​​ក៏​មាន​ទៅ​ប្រទេស​ថៃ​ខ្លះៗ​​ដែរ។

ដោយ​ឡែក បើ​យោង​តាម​សារព័ត៌មាន Sunday Times វិញ បាន​​ឲ្យ​ដឹង​ថា សេដ្ឋី​ឥណ្ឌា​ក៏​​មាន​គេច​ទៅ​អង់គ្លេស​​មួយ​ចំនួន​ដែរ កំឡុង​រយៈពេល​២៤​ម៉ោង​​​ដែល​អង់គ្លេស​ប្រកាស​បិទ​ការ​ហោះហើរ​ពី​ប្រទេស​ឥណ្ឌា។ តម្លៃ​ហោះ​​ពី​ឥណ្ឌា​ទៅ​កាន់​អង់គ្លេស​ដោយ​យន្តហោះ​ឯកជន​​​គឺ​ប្រមាណ​ជាង ១៣៨០០០​ដុល្លារ។

ប្រភព៖ Businessinsider