មន្ត្រីយោធាម្នាក់ និងជនជាតិចិនចំនួន ៣នាក់ ត្រូវបានកម្លាំងនគរបាលឈរជើងតំបន់បិទខ្ទប់នៅចំណុចរង្វង់មូលគួចកាណុង ធ្វើឃាត់ខ្លួនរួមនិងរថយន្តទំនើបមួយគ្រឿងម៉ាក Rolls Royce ដោយគ្មានឯកសារបញ្ជាក់ការធ្វើដំណើរ ក្នុងអំឡុងពេលទប់ស្កាត់ការរីករាលដាលការឆ្លងជំងឺកូវីដ១៩។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលា ម៉ោង ២រសៀល នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ នៅចំណុចរង្វង់មូលគួចកាណុង ស្ថិតនៅមូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងចម្រុះឈរជើងនៅគោលដៅបានឃាត់រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Rolls Royce ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា BRS.7377 ដោយរួមដំណើរក្នុងរថយន្តមានមនុស្សចំនួន៤នាក់ ក្នុងនោះអ្នកបើករថយន្តជនជាតិខ្មែរ ជាមន្ត្រីយោធាឋានន្តរសក្ដិ អនុសេនីយ៍ឯក ឈ្មោះ មឿង សាមន ភេទប្រុស និងជនជាតិចិន០៣នាក់ ប្រុស០២ ស្រី០១នាក់។ ដោយមានការសង្ស័យកម្លាំងចម្រុះក៏បានឃាត់រួចសួរនាំបុរសអ្នកបើកបរបានឲ្យដឹងថា ខ្លួនដឹកជនជាតិពីសណ្ឋាគារមួយកន្លែងពីមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន គោលបំណងទៅសណ្ឋាគារសុខា ជ្រោយចង្វារ ទាំងដែលជនជាតិចិនទាំង០៣នាក់នោះ ពុំមានលិខិតអនុញ្ញាតធ្វើដំណើរនោះឡើយ។

ក្រោយពេលប្រតិបត្តិការ កម្លាំងនគរបាលបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំនិងចាត់ការតាមនីតិវិធី៕



