សេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី ADB ព្យាករថានឹងកើនឡើង ៤,០% នៅឆ្នាំនេះ និង ៥,៥% ក្នុងឆ្នាំ ២០២២ ដោយសារការងើបឡើងវិញនៃសេដ្ឋកិច្ចប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលជួយជំរុញតម្រូវការ សម្រាប់ការនាំចេញរបស់ ប្រទេសកម្ពុជា។ បើតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីចេញផ្សាយនៅថ្ងៃ២៨ ខែមេសា ឆ្នាំ២០២១នេះ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB បានមានថ្លែងថា៖ “សេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះ ៣,១% ក្នុងឆ្នាំ ២០២០ ដោយសារការរាតត្បាតជាសកល នៃជំងឺកូវីដ ១៩។ រាជរដ្ឋាភិបាលបានឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះករណីថ្មីៗដែលបានកើតឡើង ហើយយើងរំពឹង ថាសេដ្ឋកិច្ចនឹងវិលត្រឡប់មករកកំណើនវិញក្នុងឆ្នាំ ២០២១។ កំណើននេះ នឹងជួយបង្កើនប្រាក់ចំណូល គ្រួសារ ប៉ុន្តែមិនមែនគ្រប់វិស័យនិងតំបន់ទាំងអស់ នឹងទទួលបានប្រយោជន៍នេះស្មើគ្នានោះទេ ដូច្នេះវា ចាំបាច់ណាស់ ក្នុងការតាមដានមើលជីវភាពគ្រួសារទាំងឡាយ ក៏ដូចជាតម្រូវការគាំទ្របន្ថែម ឱ្យបានដិត ដល់។”
យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ២០២១ ផលិតកម្មឧស្សាហកម្មត្រូវ បានគេរំពឹងថានឹងកើនឡើង ៧,១% ក្នុងឆ្នាំ ២០២១ និង ៧,០% នៅឆ្នាំ ២០២២ ដោយសារការសងើប ឡើងវិញនៃវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ការធ្វើដំណើរ ក៏ដូចជាកំណើន នៃ ឧស្សហកម្មធនស្រាលផ្សេងទៀត ដូចជាផលិតផលអេឡិចត្រូនិច និងកង់។ វិស័យកសិកម្មត្រូវបានរំពឹង ថានឹងកើនឡើង ១,៣% ក្នុងឆ្នាំ ២០២១ និង ១,២% ក្នុងឆ្នាំ ២០២២ ដោយមានការកើនឡើងនៃ ផលិតកម្មកសិផល បន្ទាប់ពីរងការខូចខាត ដោយទឹកជំនន់កាលពីឆ្នាំមុន ការបន្តមានកំណើននៃ វារីវប្បកម្ម និងការហក់ឡើង នៃការនាំចេញផលិតផលកសិកម្ម ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។
វិស័យសេវាកម្មនឹងស្ទុះងើបឡើងវិញក្នុងល្បឿនយឺតៗ ពោលគឺប្រមាណ ៣,៣% ក្នុងឆ្នាំ ២០២១ ទៅ ៦,២% ក្នុងឆ្នាំ ២០២២។ កិច្ចប្រឹងប្រែងក្នុងការគ្រប់គ្រងការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងស្រុក ដែលបាន ចាប់ផ្តើមក្នុងខែកុម្ភៈឆ្នាំ ២០២១ កំពុងធ្វើអោយសកម្មភាពវិស័យសេវាកម្មធ្លាក់ចុះ។ ការរឹត បន្តឹងការធ្វើ ដំណើរត្រូវបានរំពឹងថានឹងនៅបន្តស្ទើរតែពេញមួយឆ្នាំក្នុងឆ្នាំ ២០២១ ដែលមានន័យថា វិស័យទេសចរណ៍ មិនត្រូវ បានរំពឹងថាអាចជួយជំរុញកំណើនផ្នែកសេវាកម្មនៅឆ្នាំនេះទេ។ វិស័យអចលន ទ្រព្យត្រូវបានព្យាករថា នឹងងើបឡើងវិញ ពីការធ្លាក់ចុះកាលពីឆ្នាំមុន ដោយមាននិន្នាការស្រដៀងគ្នា ទៅនឹង ឧស្សាហកម្មសំណង់។
“ល្បឿនមិនស្មើគ្នានៃការងើបឡើងវិញនៃវិស័យនានា នឹងបន្តជាសម្ពាធលើគ្រួសារ និងក្រុមហ៊ុន មួយចំនួន នៅឆ្នាំនេះ ដែលនឹងធ្វើឱ្យការងើបឡើងវិញនៃសេដ្ឋកិច្ចជារួម មានការយឺតយ៉ាវ។ ហានិភ័យ ចម្បងៗ សម្រាប់ចក្ខុវិស័យសេដ្ឋកិច្ចនេះ រួមមាន ការរីករាលដាលនៃការផ្ទុះឡើងនៃកូវីដ១៩ នៅតាម សហគមន៍ កំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុក នៃដៃគូធុរកិច្ចសំខាន់ៗរបស់កម្ពុជា ដូចជាអាមេរិក និងអឺរ៉ុប ការបន្តនៃភាពទន់ខ្សោយនៃតម្រូវការក្នុងស្រុក និងបញ្ហាប្រឈមរបស់សេវាកម្មហិរញ្ញវត្ថុ និង ធនាគារ។” លោកស្រី Sunniya Durrani បន្តមានប្រសាសន៍ ដោយបន្ថែមថា រាជរដ្ឋាភិបាលចាំបាច់ ត្រូវរក្សាជំហរគោលនយោបាយសារពើពន្ធដែលគាំទ្រកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ និងឆ្នាំក្រោយ ។
បច្ចុប្បន្ន ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងអនុវត្តគម្រោងវិនិយោគ ដែលមានតម្លៃជាង ២,១ ពាន់ លានដុល្លារ នៅកម្ពុជា។ នៅឆ្នាំ ២០២០ ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័តផ្តល់ប្រាក់កម្ចី និងជំនួយ ឥតសំណងចំនួន ៤៧៧ លានដុល្លារ ហើយបានកៀគរថវិកាបន្ថែមចំនួន ២៨១,៣ លានដុល្លារ តាមរយៈ សហហិរញ្ញប្បទាន សម្រាប់ប្រទេសកម្ពុជា។ ថវិការបស់ ADB ដែលត្រៀមសម្រាប់កម្ពុជាក្នុងឆ្នាំ ២០២១-២០២៣ រួមមានកម្ចីសម្បទានចំនួន ១,៣៥ ពាន់លានដុល្លារ និងជំនួយឥតសំណងចំនួន ៣២,៤ លាន ដុល្លារដើម្បី គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចជាតិ ពីការរីករាលដាលនៃជំងឺរាតត្បាត កូវីដ១៩ ។
ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់ខាងលើនេះ៕