Smart ផ្ដល់​ការហៅ​ចេញ ទិន្នន័យ​អ៉ិន​ធើណេត​ឥតគិតថ្លៃ ​អំឡុងពេល​បិទ​ខ្ទប់

សង្គម​ និង​សេដ្ឋកិច្ច

ការ​រក្សា​ទំនាក់ទំនង​កាន់​តែ​មាន​សារៈសំខាន់ ជាពិសេស​សម្រាប់​អ្នក​ដែល ស្ថិតក្នុង​តំបន់​បិទ​ខ្ទប់​និង “​តំបន់​ក្រហម​” ហេតុនេះហើយ ក្រុមហ៊ុន Smart កំពុង​ផ្ដល់ជូន​អតិថិជន​របស់ខ្លួន​នូវ​អត្ថប្រយោជន៍​ជាច្រើន ដោយ​ឥតគិតថ្លៃ ដើម្បី​គាំទ្រ​ពួកគេ​ក្នុង​គ្រា​លំបាក​នេះ​។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អតិថិជន Smart ទូទាំងប្រទេស​ទទួលបាន​ការប្រើប្រាស់​សេវា​ការហៅ​ចេញ​ក្នុង​ប្រព័ន្ធ​រយៈពេល​៦០ នាទី​ឥតគិតថ្លៃ រៀងរាល់ថ្ងៃ រហូតដល់​ថ្ងៃទី​១៥ ខែឧសភា ដោយ​គ្រាន់តែ​ចុច *2021# ហើយ​បញ្ជូន​ម្ដងគត់​។ អតិថិជន Smart ក្នុង​តំបន់​ក្រហម នៅ​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ ខេត្ត​ព្រះសីហនុ ខេត្តស្វាយរៀង និង​ក្រុង​ប៉ោយប៉ែត ដែលមាន​ផល​លំបាក​ក្នុងការ​ស្វែងរក​កាត​កោស​សម្រាប់​បញ្ចូល​ទឹកប្រាក់ ក្រុមហ៊ុន Smart ក៏បាន​ពន្យារ​សុពលភាព​ប្រើប្រាស់​លេខ​ទូរស័ព្ទ ដែល​កំពុង​ប្រើប្រាស់​គម្រោង​បង់​មុន ក្នុង​តំបន់​ទាំង​អស់នោះ រហូតដល់​ថ្ងៃទី​១៥ ខែឧសភា​។ បន្ថែម​ពីលើ​នេះ អតិថិជន Smart ដែល​កំពុង​រស់​នៅ​ក្នុង ឫ​នៅ​ជិត​តំបន់​ក្រហម អាច​ទទួលបាន​ទិន្នន័យ​អ៊ិន​ធើណេត 60MB រៀងរាល់ថ្ងៃ​ឥតគិតថ្លៃ រហូតដល់​ថ្ងៃទី ១៥ ខែឧសភា ដោយ​គ្រាន់តែ​ចុច *2021#1 ហើយ​បញ្ជូន​ម្ដងគត់​។​

លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា “​ការ​ស្នាក់នៅ​ក្នុងផ្ទះ​គឺជា​ការ​ចាំ​ចាច់ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ហើយ​នៅ​ក្រុមហ៊ុន Smart យើង​តែងតែ​យកចិត្តទុកដាក់​ចំពោះ ប្រទេស​កម្ពុជា ហើយ​យើង​ព្យាយាម​ធ្វើ​អ្វីៗ​គ្រប់យ៉ាង ដែល​អាចធ្វើ​ទៅបាន ដើម្បី​ជួយ​ពលរដ្ឋ​កម្ពុជា អំឡុងពេល​នៃ ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩ នេះ​”​។​

​លោក Thomas បាន​បន្ថែមទៀតថា “​តាមរយៈ​ការជួយ​អតិថិជន​របស់​យើង​រក្សា​ទំនាក់ទំនង​ជាមួយគ្នា​ទៅវិញទៅមក ជាមួយ​ការផ្ដល់ជូន ការហៅ​ចេញ​ឥតគិតថ្លៃ ទិន្នន័យ​អ៊ិន​ធើណេត​ឥតគិតថ្លៃ និង​ការពន្យារ​សុពលភាព​ប្រើប្រាស់ យើង​ជឿជាក់ថា យើង​អាចជួយ​ពួកគេ​ឆ្លងកាត់​គ្រា​លំបាក​នេះ ដែល​ពួកគេ​កំពុង​ជួបប្រទះ​។ អតិថិជន​មិន​ចាំបាច់​ព្រួយបារម្ភ អំពី​ការបាត់បង់​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ​ឡើយ​”​។​

​ក្រុមហ៊ុន Smart ក៏​ផ្តល់នូវ​សេវាកម្ម​ផ្សេងៗ ដែល​អាចជួយ​ដល់​អតិថិជន​ក្នុង​គ្រា​លំបាក​នេះ​នៃ​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ កូ​វីដ​-១៩ នេះ​។ កម្មវិធី Share2Talk អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​ផ្ទេរ​ទឹកប្រាក់​ទៅកាន់​លេខ​ទូរស័ព្ទ​ដទៃ​ទៀត ជាហេតុ​ដែល អតិថិជន​អាច​គាំទ្រ​ក្រុមគ្រួសារ និង​មិត្តភក្តិ​ក្នុង​តំបន់​ក្រហម​។ ក្រុមហ៊ុន Smart ពង្រីក​លក្ខខណ្ឌ​នៃលក្ខណៈ​វិនិច្ឆយ​សម្រាប់ សេវា​កម្ចី​ប្រាក់ SmartLoan (Loan service) ដើម្បី​ធ្វើ​ឲ្យ​ងាយស្រួល និង មាន​តម្លៃ​កាន់តែ​សមរម្យ​សម្រាប់​អតិថិជន​។

​អតិថិជន​ក្រុមហ៊ុន Smart អាច​បញ្ចូល​ទឹកប្រាក់​ទៅក្នុង​គណនី​ទូរស័ព្ទ​របស់​ពួកគេ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ក (e-top) ប្រកប ដោយ​សុវត្ថិភាព និង​ងាយស្រួល​តាមរយៈ SmartNas និង Smart website Smart Zero Balance Portal ឫ​លើ​កម្មវិធី ទូទាត់​ប្រាក់​ដូចជា ABA Mobile និង Pi Pay​។ អតិថិជន​ដែល​បញ្ចូល​ទឹកប្រាក់​យ៉ាងតិច ១.២៥ ដុល្លារ នឹង​ទទួល​បាន ទិន្នន័យ​អ៊ិន​ធើណេត 1GB ឥតគិតថ្លៃ​ផង​ដែរ​។​

​អត្ថប្រយោជន៍​សម្រាប់​អតិថិជន Smart ទាំងអស់នេះ​បានមកពី​ការអនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នៃ​គំនិត​ផ្ដួចផ្ដើម របស់​ក្រុមហ៊ុន Smart ដែលមាន​គោលដៅ ដើម្បី​គាំទ្រ​ប្រទេស​កម្ពុជា រាជរដ្ឋាភិបាល និង​ពលរដ្ឋ ទាំងអស់​អំឡុង​គ្រា​លំ​បាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ម្យ៉ាងទៀត តាមរយៈ​មូលនិធិ​ទឹកប្រាក់ ១ លាន​ដុល្លារ​ដើម្បី​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ក្រុមហ៊ុន Smart បានផ្ដល់​ថវិកា​ចំនួន ៧៨៥,០០០ ដុល្លារ ដល់​គម្រោង​ឯកជន ដែល​ផ្ដោតលើ​ការផ្ដល់​ដំណោះស្រាយ​ដល់ ពលរដ្ឋ​កម្ពុជា​អំឡុង​គ្រា​លំបាន​នេះ​។ ថ្មីៗ​នេះ ក្រុមហ៊ុន Smart បាន​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដើម្បី​គាំទ្រ​ដល់​សាលា​រាជធានី​ភ្នំពេញ ក្នុងការ​រៀបចំ និង​ដំឡើង​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​បន្ទាន់​ចំនួន ១៨ កន្លែង​ជុំវិញ​រាជធានី​។​

​បន្ថែម​លើ​ការផ្ដល់ជូន​ដល់​អតិថិជន​នូវ ការហៅ​ចេញ និង​ទិន្នន័យ​អ៊ិន​ធើណេត​ឥតគិតថ្លៃ ដើម្បី​ធានា​ឲ្យ​បាន​ថា​ពួកគេ​រក្សា​បាន នូវ​ការទំនាក់ទំនង ក្រុមហ៊ុន Smart បាន​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​របស់ខ្លួន ដើម្បី​គាំទ្រ​យុទ្ធនាការ​លើកកម្ពស់ ការយល់ដឹង​អំពី​ជំងឺ​កូ​វីដ​-១៩ របស់​រាជរដ្ឋាភិបាល​ជាមួយ​សារ​អេ​ឡិច​ត្រូ​និ​ក​ស្វ័យ​ប្រ​វ​តិ្ត ដែល​ឮ​នៅពេល​ហៅ​ចេញ និង​ផ្ញើ​សារ​ជា​អក្សរ ដែល​បាន​ផ្ញើ​ទៅកាន់​អតិថិជន​៨ លាន​នាក់​របស់ខ្លួន​នៅ​ទូទាំងប្រទេស ដើម្បី​លើកទឹកចិត្ត ដល់​ការ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​សុខភាព​សាធារណៈ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartaxiata ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh៕ ​