សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិបានឲ្យដឹងថា ដើម្បីចាក់វ៉ាក់សាំងជូនពលរដ្ឋនៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញនេះ ក្រសួងការពារជាតិបានរៀបចំគ្រូពេទ្យចំនួន៩០ក្រុម ហើយតាមគម្រោងនឹងធ្វើឡើងរយៈពេល១ខែ ឲ្យហើយទាំងពីរដូសតែម្ដង។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ការលើកឡើងនេះក្នុងពេលសម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនដល់ប្រជាពលដ្ឋនៅតំបន់ក្រហម ដែលធ្វើឡើងនៅបញ្ជាការដ្ឋានកងពលលេខ៧០ កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ។
សម្ដេចពិជ័យសេនា ទៀ បាញ់ លើកឡើងបន្តថា ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមក្នុងខណ្ឌទាំង៤ ក្រសួងការពារជាតិបានរៀបចំក្រុមចាក់ចំនួន៩០ក្រុម ហើយក្នុងមួយក្រុមៗមានគ្នាយ៉ាងតិចចំនួន៥នាក់។ ក្រៅពីក្រុមអ្នកចាក់ ក៏មានក្រុមផ្សេងៗទៀតដូចជា ក្រុមរៀបចំសណ្ដាប់ធ្នាប់ និងក្រុមថតរូបជាដើម ដើម្បីរៀបចំឯកសារសម្រាប់ការចាក់លើកទី២។
បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ប្រជាពលរដ្ឋនៅតំបន់ក្រហម មានប្រមាណជាង៨០ម៉ឺននាក់ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនក៏បានចាក់វ៉ាក់សាំងរួចហើយ។ តាមការសន្និដ្ឋានមានប្រហែល៤៥ ម៉ឺននាក់ ដែលត្រូវចាក់ ហើយក្នុងចំនួននេះ ក៏បានត្រៀមវ៉ាក់សាំងរួចរាល់ហើយដែរ ហើយល្បឿននៃការចាក់យ៉ាងណានោះនៅមិនទាន់ដឹងនៅឡើយទេ តែនៅពេលចាប់ផ្ដើមដំណើរការបានមួយថ្ងៃ ឬពីរថ្ងៃអាចដឹងហើយ។
សម្តេចពិជ័យសេនាបញ្ជាក់ដែរថា តាមគម្រោងយុទ្ធនាការនេះ នឹងធ្វើឡើងរយៈពេល១ខែ ឲ្យហើយទាំងពីរដូសតែម្ដង គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែឧសភា នឹងបញ្ចប់ដូសទី០១ ហើយថ្ងៃបន្ទាប់ទៀត គឺត្រូវចាក់ដូសទី២ តែគម្រោងនេះ អាចខុសគ្នាបន្តិចបន្តួច៕