តួលេខកើនឡើងជាបន្តបន្ទាប់ករណីអ្នកឆ្លងជំងឺកូវីដ១៩ រដ្ឋបាលខេត្តកណ្តាលសម្រេចយកវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ធ្វើជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
អភិបាលស្រុកកណ្តាលស្ទឹង លោក អ៊ូច សៅវឿន បានឲ្យដឹងនៅថ្ងៃទី០២ ខែឧសភានេះថា អាជ្ញាធរបានរៀបចំវិទ្យាល័យហ៊ុនសែនកំពង់កន្ទួតនេះឲ្យទៅជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ឲ្យបានឆាប់បំផុតដើម្បីទទួលអ្នកជំងឺមកព្យាបាល ខណៈបច្ចុប្បន្នមានអ្នកធ្វើចត្តាឡីស័កពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កម្ភៈកំពុងស្នាក់នៅចំនួន៣០នាក់។
លោក សៅវឿន បានបញ្ជាក់ថា វិទ្យាល័យនេះមានអគារចំនួន២ដែលអគារមួយមានកម្ពស់១ជាន់និងអគារមួយទៀតមានកម្ពស់២ជាន់ដោយអាចដាក់អ្នកធ្វើចត្តាឡីស័កបានចំនួន១៨០នាក់និងដាក់អ្នកជំងឺកូវីដ១៩បានចំនួន៦០នាក់។ បច្ចុប្បន្ននេះនៅស្រុកកណ្តាលស្ទឹងមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៣៧នាក់និងអ្នកកំពុងធ្វើចត្តាឡីស័កចំនួន៣០នាក់។
ជាមួយគ្នានោះដែរ លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល បានណែនាំឲ្យអជ្ញាធរស្រុក ក៏ដូចជាលោក អភិបាលស្រុកផ្ទាល់ ត្រូវរៀបចំកន្លែងសម្រាក សម្រាប់ពួកគាត់អោយបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល ។
លោក ចារី បន្តទៀតថា ក្នុងការរៀបចំនេះសំខាន់ត្រូវមានកន្លែងលាងដៃ បន្ទប់ទឹក កន្លែងចោលសម្រាម នឹងត្រូវបំពាក់កាមេរ៉ា សម្រាប់តាមដានអ្នកជំងឺផងដែរ៕