រដូវ«ផ្កាផ្គរលាន់»វិលត្រលប់មកវិញទៀតហើយ! អ្នកធ្វើដំណើរឆ្លងកាត់ស្រុកបន្ទាយស្រីក្នុងអំឡុងពេលនេះ ប្រាកដជាមិនអាចមើលរំលងផ្កាពណ៌ទឹកក្រូចខ្ចីដុះជាជួរៗ ដែលកំពុងរីកស្រស់បំព្រងយ៉ាងរហង់ស្ទើរគ្រប់ទីកន្លែងនៅស្រុកបន្ទាយស្រី។ នេះជាសំណេររបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខណៈសម្រស់ផ្កាផ្គរលាន់បានបញ្ចេញសម្រស់យ៉ាងស្រស់ទាក់ភ្នែក លម្អតាមរបងផ្ទះប្រជាពលរដ្ឋបន្ទាយស្រី។


ថ្លែងដោយទឺកចិត្តរំភើបដែលឆ្នាំនេះ លោកបានឃើញអ្នកភូមិនាំគ្នាដាំផ្កាប្រចាំរដូវកាលមួយនេះកាន់តែច្រើន ហើយរឹតតែសប្បាយចិត្តដែលអ្នកបន្ទាយស្រីច្រើនទៅៗ ក្លាយជាអ្នកស្រលាញ់ផ្កា ចូលរួមស្រលាញ់បរិស្ថាន និងចាប់ផ្តើមឱ្យតម្លៃទៅលើសោភ័ណភាពស្អាតនៅតាមលំនៅឋានរបស់ខ្លួន។
ពិតមែនតែរីកស្រស់ត្រឹមរយៈពេលខ្លី រុក្ខជាតិប្រភេទមើមមានផ្កាពណ៌ទឹកក្រូចស្រស់មួយនេះ បានក្លាយទៅជាអត្តសញ្ញាណមួយរបស់ស្រុកបន្ទាយស្រីនៅរៀងរាល់ដើមរដូវវស្សា ឱ្យតែចាប់ផ្តើមមានផ្គរលាន់ និងភ្លៀងធ្លាក់បានមួយមេពីរមេរួចហើយ មើមដែលនៅសល់ពីឆ្នាំចាស់ ក្រាំងរង់ចាំទឹកភ្លៀងអស់កាលពេញមួយឆ្នាំនោះ នឹងលូតចេញជាពន្លកលាស់ថ្មី មកបង្អួតរាងយ៉ាងស្រស់ឆើតឆាយជាមួយនឹងផ្កាពណ៌ទឹកក្រូចគួរឱ្យទាក់ទាញ។ វាក៏ជាសញ្ញាប្រាប់ថាវស្សារដូវបានមកដល់ហើយ និងជាពេលវេលាដែលប្រជាកសិករត្រូវរួសរាន់ចាប់ផ្តើមសាបព្រោះធ្វើស្រែចម្ការរបស់ពួកគាត់ផងដែរ។


