មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យតួលេខនៃឆ្លងមានការកើនឡើង គឺដោយសារប្រើម៉ាស៊ីនតេស្តរហ័ស SARS-CoV-2 Rapid Antigen Test ទៅលើអ្នកសង្ស័យ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

បើតាមទំព័រហ្វេសបុកស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែឧសភា នេះបានដកស្រង់ប្រសាសន៍អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាល លោក ហុក គឹមចេង ថា មូលហេតុដែលធ្វើឲ្យតួលេខនៃឆ្លងមានការកើនឡើង គឺដោយសារប្រើម៉ាស៊ីនតេស្តរហ័ស SARS-CoV-2 Rapid Antigen Test ទៅលើអ្នកសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ មានសមត្ថភាពអាចរកឃើញអ្នកមានវិជ្ជមាន ឫអវិជ្ជមានក្នុងរយះពេល១៥នាទី ក្រោយធ្វើតេស្តរួច និងបានបញ្ជូនវត្ថុសំណាកទៅមន្ទីរពិសោធន៍។

លោក កឹមចេង បានគូសបញ្ជាក់យ៉ាងដូច្នេះថា ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហមគឺជាតំបន់ហានិភ័យខ្ពស់អាត្រានៃការតេស្តរកអ្នកឆ្លងវីរុសកូវីដ-១៩ ពី១០ភាគរយ ឬលើស១០ភាគរយទៅទៀត ។
ម៉្យាងទៀត ដោយសាររាជរដ្ឋាភិបាល ពិសេសអាជ្ញាធរចេញវិធានការបិទខ្ទប់តំបន់មានហានិភ័យខ្ពស់បានទាន់ពេលវេលា ទើបយើងអាចមានលទ្ធភាពតេស្តរកអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដើម្បីកាត់ផ្ដាច់ខ្សែចម្លងវីរុសកូវីដ-១៩ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាលកម្ពុជាប្រកាសរកករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីនៅថ្ងៃនេះ ចំនួន ៩៣៨នាក់ ខណៈមានអ្នកស្លាប់ថ្មីចំនួន១ម្នាក់ និងឣ្នកជាសះស្បើយ ចំនួន ៣៦១នាក់។ តាមរបាយការណ៍ក្រសួងរកឃើញអ្នកឆ្លងនៅភ្នំពេញ ៦០៨ កណ្ដាល ១៧៥ ព្រះសីហនុ ៧៧ បន្ទាយមានជ័យ ៥១ កំពង់ស្ពឺ ១៤ តាកែវ ៤ កំពង់ចាម ៣ ត្បូងឃ្មុំ ២ ពោធិ៍សាត់ ១ ស្វាយរៀង ១ បាត់ដំបង ១ ប៉ៃលិន ១ សៀមរាប ១៕