អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅតែមិនទាន់អាចប្រើគណនី Facebook របស់លោកដដែលមកដល់ពេលនេះ បន្ទាប់ពីក្រុមប្រឹក្សាភិបាល Facebook បានបន្តរក្សាការពិន័យ។ ប៉ុន្តែដំណឹងថ្មីចុងក្រោយថា លោកគ្រោងនឹងចាប់ដំណើរការវិបសាយទំនាក់ទំនងថ្មីដែលនិយាយថា នឹងផ្សព្វផ្សាយមាតិកាព័ត៌មាន«ត្រង់ពីតុ»របស់លោក។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
បណ្តាញសង្គម Twitter, Facebook, Instagram ក៏ដូចជា YouTube របស់អតីតប្រធានាធិបតីរូបនេះត្រូវបិទ និងព្យួរអស់ហើយ បន្ទាប់ពីកើតមានកបកម្មនៅវិមាន Capitol កាលពីខែមករា។ ចាប់តាំងពីការសម្រេចរបស់ Facebook មក លោក ដូណាល់ ត្រាំ បានចេញសេចក្តីថ្លែងការណ៍ថា វិបសាយថ្មីនឹងចេញ។ អ្នកប្រើប្រាស់អាចចុច like លើការផុស និង share បានដូចគណនី Twitter ឬក៏ Facebook ដែរ។
ក្រុមប្រឹក្សាភិបាលឯករាជ្យរបស់ Facebook បានបោះឆ្នោតរក្សាការពិន័យលើគណនីរបស់លោក ដូណាល់ ត្រាំ ដដែល បន្ទាប់ពីបានបិទអស់រយៈពេល៤ខែ ជុំវិញការញុះញុងដែលនាំឲ្យកើតមានកុបកម្មបណ្តាលឲ្យមនុស្សស្លាប់នៅកាពីតូលកាលពីថ្ងៃទី៦ ខែមករា។
ខណៈពេលរក្សាការព្យួរនេះ ក្រុមប្រឹក្សាបានបន្ទោសទៅលើ Facebook ចំពោះវិធីដែលខ្លួនបានធ្វើការសម្រេចចិត្ត។ ក្រុមប្រឹក្សាបាននិយាយថា ហានិភ័យដែលកំពុងកើតឡើងនៃហិង្សាធ្ងន់ធ្ងរបានធ្វើឲ្យមានការព្យួររបស់ Facebook គឺត្រឹមត្រូវហើយ ប៉ុន្តែនិយាយថា វាមិនសមហេតុផលទេដែល Facebook ដាក់ពិន័យព្យួរដោយគ្មានការកំណត់នោះ។
ក្រុមប្រឹក្សាភិបាលបានឯកភាពជាមួយ Facebook ថា ការផុសរបស់លោក ត្រាំ កាលពីថ្ងៃទី៦ ខែមករា គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើស្តង់ដារមាតិកា Facebook និង Instagram។
បើតាមក្រុមប្រឹក្សាភិបាលថា លោក ត្រាំ បាននិយាយក្នុងការផុសទី១ថា ៖«យើងស្រឡាញ់អ្នក។ អ្នកពិតជាពិសេសណាស់» និងការផុសទី២និយាយថា «ជាអ្នកស្នេហាជាតិដ៏អស្ចារ្យ។ ចងចាំថ្ងៃនេះជារៀងរហូត»។ ផុសទាំងពីរនេះបានរំលោភលើច្បាប់របស់ Facebook ដែលប្រឆាំងនឹងការសរសើរ ឬគាំទ្រដល់មនុស្សពាក់ព័ន្ធនឹងហិង្សា។
ក្រុមប្រឹក្សាភិបាលនិយាយថា Facebook មានពេលវេលា៦ខែដើម្បីពិនិត្យឡើងវិញនូវ«ការពិន័យតាមអំពើចិត្ត»ដែលខ្លួនបានដាក់កាលពីថ្ងៃទី៧ ខែមករា និងសម្រេចលើការពិន័យមួយទៀតដែលឆ្លុះបញ្ចាំងពីការរំលោភមានស្ថានទម្ងន់ និងការរំពឹងទុកនៃគ្រោះថ្នាក់នាពេលអនាគត។
ក្រុមប្រឹក្សាភិបាលនិយាយថា ការពិន័យថ្មីត្រូវតែច្បាស់លាស់ ចាំបាច់ សមាមាត្រ និងស្របតាមច្បាប់របស់ Facebook សម្រាប់ការរំលោភមានស្ថានទម្ងន់។ ប្រសិនបើ Facebook សម្រេចបើកឲ្យដំណើរការគណនីរបស់លោក ត្រាំ វិញ ក្រុមហ៊ុនត្រូវតែមានលទ្ធភាពដោះស្រាយពីការរំលោភបំពានថែមទៀត។
អ្នកនាំពាក្យរបស់លោក ត្រាំ មិនអាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយភ្លាមៗបានទេ។
ប្រភព៖ BBC