ក្រុមហ៊ុនសែលកាត ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបដែលមានអ្នកឧកញ៉ាគិត ម៉េង ជាអគ្គនាយក បានបញ្ចប់ការដំឡើងបណ្តាញ 4G LTE ថ្មីចំនួន 169 ទីតាំងបន្ថែមនៅក្នុងតំបន់ក្រហម និងពណ៌លឿងទុំ ចាប់តាំងពីមានការរីករាលដាលនៃជម្ងឺកូវីដនៅក្នុងប្រទេសកម្ពុជា។

លោក វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត មានប្រសាសន៍ថា ក្នុងអំឡុងស្ថានភាពបិទខ្ទប់ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ពិតជាមានតម្រូវការខ្លាំងក្នុងការប្រើប្រាស់អ៊ិនធើណិតតាមទូរស័ព្ទ ដែលជាបណ្តាញទំនាក់ទំនងដ៏សំខាន់បំផុតមួយសម្រាប់គ្រួសារ និងសហគមន៍។
លោកបន្តថា កិច្ចការនេះ គឺជាផ្នែកមួយនៃការបន្តការវិនិយោគរយៈពេលវែង ក្នុងការពង្រីកបណ្តាញសេវា 4G LTE ចំនួន 500 ទីតាំងទៀត នៅរាជធានីភ្នំពេញ នាអំឡុងពេលប៉ុន្មានខែខាងមុខទៀតនេះ។

ក្រៅពីការដំឡើងទីតាំងថ្មី សែលកាតក៏បានដំឡើងបណ្តាញផ្តល់សេវាខ្នាតតូច នៅតាមមន្ទីរពេទ្យ និងអគារសហគមន៍ជាច្រើនទៀត ហើយថែមទាំងបានវិនិយោគទៅលើបណ្តាញទូរស័ព្ទចល័តថ្មីចំនួនបី ដែលជាប្រភេទអង់តែនចល័ត (Wheels Solution) ដើម្បីពង្រីកសេវាគ្របដណ្ដប់និងសមត្ថភាពដល់ទីតាំងខាងក្រៅផងដែរ។