ការរស់នៅរបស់មេរោគកូវីដ-១៩គឺវានៅជាមួយយើងជានិច្ច ថ្វីត្បិតរាជរដ្ឋាភិបាលបញ្ចប់ការបិទខ្ទប់ក៏ពិតមែន ប៉ុន្តែការផ្ទុះឡើងវិញមេរោគកូវីដវានឹងអាចកើតមានឡើងប្រសិនបើយើងមានការធ្វេសប្រហែស ហើយបណ្តាប្រទេសមួយចំនួនមានរួចទៅហើយ រហូតបិទខ្ទប់លើកទី២ និងលើកទី៣ ដោយសារការវិលត្រឡប់វីរុសកូវីដ-១៩។ ប្រសាសន៍លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងនៅល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
លោកជំទាវ ឱ វណ្ណឌីន បានគូសបញ្ជាក់ថា នៅពេលយើងបញ្ចប់ការបិទខ្ទប់នេះ ប្រជាពលរដ្ឋច្បាស់ជាចេញទៅខាងក្រៅ ហើយការចម្លងវីរុសកូវីដ-១៩ វានឹងអាចលោតហក់ឡើងវិញ ហើយវាខ្លាំងជាងយើងបិទខ្ទប់លើកទី១ទៀត។
បើតាមលោកជំទាវ ជឿថា បងប្អូនមិនចង់រស់នៅបិទខ្ទប់ដូចមុនទេ ប៉ុន្តែបងប្អូនត្រូវចូលរួមអនុវត្តវិធានការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការសុខាភិបាល ពិសេសបុគ្គលគ្រប់រូប ត្រូវរៀនរស់ជាមួយ វីរុសកូវីដ-១៩ ដោយមិនត្រូវឲ្យវីរុសកូវីដ-១៩ ឆ្លងមកខ្លួនឯងទេ តាមរយៈវិធានការ ៣កុំ ៣ ការពារ និង ២ចូលរួម កុំទៅទីតាំងណាដែលមានការប្រមូលផ្ដុំមនុស្សច្រើន ពិសេសទៅទៀតនោះមានតែបុគ្គលគ្រប់ៗរូបប៉ុណ្ណោះ ដែលអាចការពារមិនឲ្យឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាន ហើយនឹងឈានទៅកាត់ផ្តាច់ការចម្លងក្នុងសហគមន៍៕