តើលោក ទៀ សីហា ជានរណា?
លោក ទៀ សីហា កូនប្រុសប្រមុខការពារជាតិកម្ពុជា គឺសម្តេចពិជ័យសេនា ទៀ បាញ់ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តសៀមរាប ជំនួសលោកឃឹម ប៊ុនសុង។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨។
លោក ទៀ សីហា ពីមុនជាអភិបាលរងខេត្តសៀមរាប និងបានក្លាយជាអភិបាលខេត្តសៀមរាប ឋានន្តរសក្តិឧត្តមមន្ត្រីថ្នាក់លេខ៣ ។ លោកក៏ជានាយទាហានជាន់ខ្ពស់នៅក្រសួងការពារជាតិ ដែលមានឋានន្តរសក្តិឧត្តមសេនីយ៍ទោ ។
តើលោក ទៀ សីហា មានជីវប្រវត្តិ ឬការសិក្សាដល់កម្រិតណាដែរ?
លោក ទៀ សីហា កើតនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៨០ នៅរាជធានីភ្នំពេញ ជាកូនប្រុសទី២ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
កាលពីកុមារភាព លោកបានសិក្សានៅសាលាបឋមសិក្សាចតុមុខ ក្នុងខណ្ឌដូនពេញ រាជាធានីភ្នំពេញ។ លុះចូលដល់វ័យជំទង់ ត្រូវបានឪពុកម្តាយបញ្ជូនឲ្យទៅសិក្សានៅសាលា Lycée Passy Saint-Honoré ប្រទេសបារាំង រហូតប្រឡងចូលមហាវិទ្យាល័យនៅទីនោះ។
ក្នុងរយៈពេល១០ឆ្នាំ នៃការស្នាក់នៅដើម្បីបន្តការសិក្សានៅក្នុងប្រទេសបារាំង យុវជនរូបនេះបានបញ្ចប់បរិញ្ញាបត្រផ្នែកពាណិជ្ជកម្ម ពីមហាវិទ្យាល័យ Passy Saint-Honoré នាទីក្រុងប៉ារីស ប្រទេសបារាំង នៅឆ្នាំ២០០១។ នៅក្នុងដំណាក់កាលនោះ លោកក៏បានចូលសិក្សារយៈពេលពេញមួយឆ្នាំនៅសាលាទាហាន ឈ្មោះ École Spéciale Militaire de Saint-Cyr ដែលជារាជបណ្ឌិត្យសភាយោធារបស់ប្រទេសបារាំង។
ក្រោយពេលបញ្ចប់ការសិក្សា យុវជន សីហា បានវិលត្រឡប់មកកាន់មាតុភូមិវិញនាឆ្នាំ២០០១ រួចចូលបម្រើការជាមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ក្នុងពេលបំពេញការងារជាមន្ត្រីយោធានេះ លោកបានឆ្លៀតពេលបង្កើនសមត្ថភាពផ្នែកគ្រប់គ្រង នៅរាជបណ្ឌិត្យសភារដ្ឋបាលជាន់ខ្ពស់នាឆ្នាំ២០០៧-២០០៨។ នៅឆ្នាំ២០១០-២០១៣ ស្របពេលវិវាទដីធ្លីកំពុងតែកើតឡើង រាជរដ្ឋាភិបាលបានបង្កើតក្រុមនិស្សិតស្ម័គ្រចិត្តវាស់វែងដីធ្លីនៅទូទាំងប្រទេស ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋ។ លោកត្រូវបានចាត់តាំងជាប្រធានក្រុមយុវជនស្ម័គ្រចិត្តខេត្តសៀមរាប ដែលនៅក្នុងដំណាក់កាលនោះ លោកត្រូវបានតែងតាំងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបផងដែរ។
កូនប្រុសប្រមុខការពារជាតិកម្ពុជានេះ ក៏មានតួនាទីជានាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ទទួលបានការដំឡើងឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ត្រី ដោយព្រះរាជក្រឹត្យចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១១ និងទទួលបានការដំឡើងឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ទោ ដោយព្រះរាជក្រឹត្យចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៤។
លោក ទៀ សីហា ជាសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។ ក្រៅពីបំពេញការងារជានាយទាហានជាន់ខ្ពស់ នៃកងយោពលខេមរភូមិន្ទ និងការងារផ្នែកសង្គមនៅតាមបណ្ដាមូលដ្ឋាននានា ជាមួយក្រុមយុវជនរបស់សហភាពសហព័ន្ធយុវជនកម្ពុជា លោកក៏មានតួនាទីជាសមាជិកអចិន្ត្រៃយ៍ នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដែលទើបនឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តក្នុងមហាសន្និបាតនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ៕