ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានព្រះរាជសម្ភព (ប្រសូត) នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នារាជធានីភ្នំពេញ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ព្រះបាទ នរោត្តម សីហមុនី ឡើងសោយរាជ្យ កាលពីថ្ងៃឆ្នាំ២០០៤។ រូបពី AFP
នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ព្រះអង្គត្រូវជ្រើសតាំងឲ្យឡើងសោយរាជ្យ ជាព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា។ ព្រះបរមនាម ក្នុងរាជ្យរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី គឺ «អ្នកបម្រើមាតុភូមិ សាសនា ប្រជាជាតិ និងប្រជារាស្ត្រខ្មែរ ដោយស្វាមីភក្តិ និងភក្ដីភាព។ មហាក្សត្រ ដែលព្រះពុទ្ធ និងព្រះឥន្ទ្រ លោកឧបត្ថម្ភ ។ អ្នករួបរួម ខេមរជនទាំងអស់។ អ្នកការពារឯករាជ្យ បូរណភាពទឹកដី និងសន្តិភាពរបស់កម្ពុជា ព្រមទាំងសុភមង្គល សេរីភាព និងវិបុលភាព របស់ប្រជារាស្ត្រខ្មែរ»។
គេហទំព័រឧកញ៉ាញូស៍ សូមបើកកកាយព្រះរាជជីវប្រវត្តិសង្ខេបការសិក្សាសង្ខេបរបស់ព្រះអង្គ ដើម្បីជម្រាបជូនប្រិយមិត្តបានដឹងក្នុងព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៦៨ព្រះវស្សា យាងចូល ៦៩ព្រះវស្សា នៅថ្ងៃសុក្រទី១៤ ខែឧសភា ឆ្នាំ២០២១នេះ។
នៅឆ្នាំ១៩៥៩ ដល់១៩៦២ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានចូលសិក្សានៅសាលាបឋមសិក្សានរោត្ដម, វិទ្យាល័យដេកាតនៅរាជធានីភ្នំពេញ។ បន្ទាប់មកព្រះអង្គត្រូវបានព្រះបិតាបញ្ជូនទៅទីក្រុងប្រ៉ាក (Prague) ប្រទេសឆេកូស្លូវ៉ាគី នៅពីឆ្នាំ១៩៦២។ នៅទីនោះព្រះអង្គបានចូលរៀននៅសាលាបឋមសិក្សា, វិទ្យាល័យ និងសាលាតូរ្យតន្ត្រី ដែលទ្រង់បានសិក្សាផ្នែកតន្ត្រី និងរបាំបុរាណរហូតដល់ឆ្នាំ១៩៧៥។
ព្រះអង្គស្ទាត់ជំនាញខាងភាសាសាស្ត្រ ដោយទ្រង់ចេះភាសាបារាំង និងឆែកយ៉ាងស្ទាត់ជំនាញ។ ក្រៅពីនេះ ទ្រង់ក៏អាចប្រាស្រ័យភាសាអង់គ្លេស និងរុស្សីបានយ៉ាងប្រសើរផងដែរ។ នៅក្នុងឆ្នាំ១៩៧៥ ព្រះអង្គបានចាកចេញពីប្រាហ្ក ដើម្បីទៅសិក្សាផ្នែកខ្សែភាពយន្ត នៅប្រទេសកូរ៉េខាងជើង ហើយបន្ទាប់មកទ្រង់បានត្រឡប់ចូលមាតុភូមិវិញនៅឆ្នាំ១៩៧៧។
នៅឆ្នាំ១៩៨១ ព្រះអង្គបានផ្លាស់ទៅប្រទេសបារាំង ដើម្បីបង្រៀនរបាំបាឡេហើយបន្ទាប់មកព្រះអង្គធ្វើជាប្រធានសមាគមរបាំខ្មែរ។ ព្រះអង្គទ្រង់គង់នៅប្រទេសបារាំងអស់រយៈពេលជាង២០ឆ្នាំ។
មុនពេលដែលទ្រង់ក្លាយជាព្រះមហាក្សត្រ ព្រះអង្គមានគោរម្យងារជា “ស្ដេចក្រុមឃុន” ដែលព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ទ្រង់ព្រះរាជទាន នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៩៤ បន្ទាប់មកត្រូវបានតំឡើងជា “សម្ដេចព្រះបរមនាថ” នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៤៕