ដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើររបស់អ្នកស្រុកអ្នកភូមិ និងដើម្បីសម្រួលការលំបាកដល់ប្រជាពលរដ្ឋ អ្នកជំនួញដីធ្លី លោក ស្រេង ឈាងឡេង ដែលត្រូវបានគេស្គាល់ថា ជាអ្នកសិល្បៈមួយរូបផងនោះ បានជួយស្ថាបនាផ្លូវមួយខ្សែពីវត្តសុពណ៌ ភ្ជាប់ទៅផ្លូវជាតិលេខ៥១។ ការលះបង់ធនធានផ្ទាល់ខ្លួនរបស់ សហគ្រិនវ័យក្មេងរូបនេះ គឺដើម្បីជួយសម្រួលការលំបាករបស់ពលរដ្ឋ និងពុទ្ធបរិស័ទ ព្រោះនៅតាមផ្លូវនោះពីមុន ខែវស្សា ផ្លូវមានការខូចខាត និងពិបាកធ្វើដំណើរយ៉ាងខ្លាំង។



ផ្លូវមួយខ្សែ ដែលក្រុមហ៊ុនរបស់លោក ស្រេង ឈាងឡេង បានជួយសាងសង់នេះ គឺជាការចំណាយទាំងស្រុងរបស់លោកផ្ទាល់ ហើយខ្ទង់ចំណាយជាក់ស្ដែងអស់ប៉ុន្មាន ក៏មិនទាន់អាចកំណត់នៅឡើយ។



យោងតាមការបង្ហោះរបស់លោក ស្រេង ឈាងឡេង កាលពីថ្ងៃទី១១ ឧសភា ឆ្នាំ២០២១ បានបង្ហោះថា៖ «ថ្ងៃនេះក្រុមការងារបានចាប់ផ្ដើម ចាក់ដីឈូសឆាយរៀបចំធ្វើផ្លូវថ្មមិច១ខ្សែ តភ្ជាប់ពីផ្លូវ51 ទៅវត្តសុពណ៌ ស្ថិតក្នុងភូមិស្ដុកវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ជូនបុណ្យពុកម៉ែបងប្អូនទាំងអស់គ្នាផង»។


លោកបន្ថែមថា៖ ការរួមចំណែករបស់លោក និងក្រុមការងារបាន ធ្វើឱ្យប្រជាពលរដ្ឋ ដែលពឹងអាស្រ័យក្នុងការធ្វើដំណើរនៅលើផ្លូវនោះ ត្រេកអរយ៉ាងខ្លាំង។ ក្នុងថ្ងៃសម្ពោធធ្វើផ្លូវមួយខ្សែនោះដែរ លោកក៏បានដឹកនាំជាជំនួយមួយចំនួនជូនដល់មន្ត្រីអាជ្ញាធរផងដែរ៕


