ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ ក្រើនរំលឹកដល់និស្សិត ហុង ភារិន “ទោះបីជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ត្រូវយកចំណេះជំនាញដែលខ្លួនមានមកបម្រើប្រទេសជាតិវិញ”

សង្គម​ និង​សេដ្ឋកិច្ច

ថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបសំណេះសំណាលជាមួយនិសិ្សតឆ្នើម ហុង ភារិន ជានិស្សិតកម្ពុជាដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ និងមានសម្ថភាពពិសេសផ្នែកចងចាំបានល្អ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាពេលថ្មីៗនេះ និសិ្សតឆ្នើម ហុង ភារិន បានបង្ហាញអំពីសមត្ថភាព និងទេពកោសល្យនៃការចងចាំ របស់ខ្លួននៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ « Super 100» ដោយទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការ ក៏ដូចជាមហាជនជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយត្រូវបានមហាជនទូទៅប្រសិទ្ធនាម និស្សិត ហុង ភារិន ជាអច្ឆរិយកម្ពុជា ភារិន ទៀតផង។

ជាកូនទី២ ក្នុងចំណោមបងប្អូនប្រុស២នាក់ និស្សិតឆ្នើម ហុង ភារិន មានអាយុ២៣ឆ្នាំ មានទីកន្លែងកំណើតនៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ ដោយស្ថិតនៅក្នុងគ្រួសារកសិករដែលមានជីវភាពលំបាក ដោយសារឱពុក ម្តាយបាន លែងលះគ្នា ភារិន បានខិតខំតស៊ូប្រឹងប្រែងរៀនសូត្ររហូតទទួលបានអាហារូបករណ៍ព្រះរាជទានថ្នាក់បរិញ្ញាបត្រ ប្រចាំសាកលវិទ្យាល័យរ៉ាឆាផាត់ឆៃយ៉ាភូមិ ឯកទេសអភិវឌ្ឍន៍ជនបទ។ ក្តីសុបិន្តរបស់និស្សិតឆ្នើមថ្នាក់បរិញ្ញាបត្រឆ្នាំទី៤រូបនេះ គឺចង់យកចំណេះដឹងដែលខ្លួនបានខិតខំរៀនសូត្រមកអភិវឌ្ឍប្រទេសជាតិ។

ក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលស្វាគមន៍ និងកោតសរសើរចំពោះទេពកោសល្យរបស់ ភារិន ដែលមានសមត្ថភាពពិសេសអាចចងចាំបានល្អ។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក្រើនរំលឹកឲ្យភារិន ខិតខំប្រឹងប្រែងបង្កើនសមត្ថភាពខ្លួនបន្តទៅមុខទៀតដោយមិនត្រូវភ្លេចខ្លួនឡើយ។ បន្ថែមពីលើនេះ ឯកឧត្តមបានលើកឡើងអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ឯកឧត្តមទាំងការសិក្សារៀនសូត្រ និងការបំពេញការងារក្នុងវិស័យឯកជន និងវិស័យសាធារណៈ និងបានជំរុញលើកទឹកចិត្ត ឱ្យភារិន មានស្មារតីស្រឡាញ់សង្គមជាតិ ទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ខ្លួនជាកូនខ្មែរ មានបេះដូងជាខ្មែរ ត្រូវយកចំណេះជំនាញដែលខ្លួនមានមកបម្រើប្រទេសជាតិវិញផងដែរ។ ឯកឧត្តម បានផ្តល់ជូននូវឃ្លាទូន្មានជាភាសាអង់គ្លេសថា “I Must Study Harder” ប្រែថា “ខ្ញុំដាច់ខាតត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រឲ្យកាន់តែខ្លាំងឡើង” ដល់ភារិន ដើម្បីជំនុញលើកទឹកចិត្តឱ្យភារិនកាន់តែខិតខំប្រឹងប្រែងបន្ថែមទៀត។


ជាការឆ្លើយតប ហុង ភារិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម ទេសរដ្ឋមន្ត្រី ដែលតែងតែជួយគាំទ្រ និងលើកទឹកចិត្ត ដល់និស្សិតឆ្នើមរបស់កម្ពុជានាពេលកន្លងមក រួមទាំងខ្លួនលោកផ្ទាល់ផងដែរ។ លោកប្តេជ្ញាថា នឹងខិតខំប្រឹងរៀនសូត្របន្ថែមទៀតតាមអនុសាសន៍ណែនាំ ដើម្បីចែករំលែកចំណេះដឹងរបស់លោកដល់សិស្សនិស្សិតកម្ពុជា ក៏ដូចជាសម្រេចក្តីសុបិន្តរបស់លោកក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាអោយកាន់តែរីកចម្រើនថែមទៀត។ ភារិន បន្ថែមទៀតថា លោកមានបំណងចូលរួមប្រកួតសមត្ថភាពនៃការចងចាំលំដាប់ថ្នាក់ពិភពលោក ដែលនឹងប្រពឹត្តទៅនៅខែធ្នូខាងមុខនេះ នៅប្រទេសចិនក្នុងគោលបំណងបង្ហាញពីសមត្ថភាពកូនខ្មែរ និងទង់ជាតិខ្មែរ នៅក្នុងការប្រកួតប្រជែងលំដាប់ថ្នាក់ពិភពលោកនេះ៕













អត្ថបទ និង រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន