រដ្ឋបាលខេត្តកំពង់ស្ពឺ អនុញ្ញាតឲ្យអាជីវករលក់ដូរមិនរៀបរយនៅតាមទីសាធារណៈនានា និងតូបលក់ដូរចល័តនៅទីប្រជុំជននៅក្នុងឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទៅលក់នៅទីតាំងក្នុងដីឡូតិ៍សំណង់ផ្ទះល្វែងផ្សារត្រាំខ្នារថ្មីដោយមិនគិតគិតថ្លៃភាស៊ី និងប្រាក់ឈ្នួលសម្រាប់ទីតាំងរយៈពេល៦ខែ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១៧ ខែឧសភា ម្សិលមិញ បានបញ្ជាក់ថា អាជីវករដែលធ្លាប់លក់ដូរមិនរៀបរយនៅតាមទីសាធារណៈនានា និងតូបលក់ដូរចល័តនៅទីប្រជុំជនក្នុងឃុំជង្រុក ស្រុកគងពិសីខេត្តកំពង់ស្ពឺទាំងអស់ ត្រូវទៅលក់ដូរនៅផ្សារសុវត្ថិភាពបណ្ដោះអាសន្ននៅតំបន់ដីឡូតិ៍សំណង់ផ្ទះល្វែងផ្សារត្រាំខ្នារថ្មី ចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ។
បើតាមលិខិតជូនដំណឺងដដែល អាជីវករទាំងអស់ត្រូវរៀបចំឲ្យមានការលក់ដូរដោយរក្សាគម្លាតសុវត្ថិភាព និងត្រូវមានអាកុល ឬជែលសម្រាប់អតិថិជនលាងដៃ ទាំងអាជីវករ ទាំងអតិថិជន ត្រូវពាក់ម៉ាសឲ្យបានត្រឹមត្រូវ និងរក្សាគម្លាតសុវត្ថិភាពទាំងអស់គ្នា។
គួររម្លឹកជូនថា សំណង់ផ្ទះល្វែង និងផ្សារត្រាំខ្នារថ្មីដែលមានទំហំដីប្រមាណ៦ហិចតា ស្ថិតនៅភូមិក្របីត្រាំ ឃុំជម្រុក ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ក្រោមទុនវិនិយោគខ្ទង់លានដុល្លារ បានសម្ពោធបើកលក់ និងកក់ជាផ្លូវការហើយ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ៕