ក្រោយមានការចេញផ្សាយរបាយការណ៍ដែលគយហុងកុង បានចាប់ឃាត់ឈើខុសច្បាប់ជាង ២០០ តោន ដឹកចេញពីកម្ពុជាទៅហុងកុង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្តីបំភ្លឺមួយកាលពីថ្ងៃទី១៤ ខែឧសភា ម្សិលមិញ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ក្នុងរយៈពេលប្រមាណ៥ឆ្នាំកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពុំដែលបានរៀបចំបំពេញបែបបទនាំចេញប្រភេទឈើរងការគំរាមកំហែង ដល់ក្រុមហ៊ុនណាមួយសម្រាប់ធ្វើការនាំចេញទៅក្រៅប្រទេស ឬហុងកុងនោះឡើយ។
ក្រសួងកសិកម្មបានគួសបញ្ជាក់ថា ក្នុងករណីព័ត៌មានដែលគយហុងកុង បានចាប់ឃាត់ឈើនាំចេញពីកម្ពុជា បើជាការពិតមែននោះ គឺជាការនាំចេញឈើខុសច្បាប់ (រត់ពន្ធឈើខុសច្បាប់) ក្រសួងនឹងស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងឡាយដើម្បីចាត់ការទៅតាមវិធានការផ្លូវច្បាប់។
មានការចុះផ្សព្វផ្សាយព័ត៌មានពីគយហុងកុងបានរឹបអូសឈើចំនួន ៧កុងតីន័រ ទម្ងន់ប្រមាណ ២១១តោន ជាប្រភេទឈើរងការគំរាមកំហែង ដែលមានតម្លៃទីផ្សារប្រមាណ ១,១លានដុល្លារហុងកុង ប្រហាក់ប្រហែល ១៤០ ០០០ដុល្លារសហរដ្ឋអាមេរិក។
ការចាប់ឃាត់ឈើនេះធ្វើឡើង នៅកន្លែងត្រួតពិនិត្យទំនិញគយ ក្នុងកំពង់ផែ Kwai Chung និងកំពង់ផែ Tsing Yi ចន្លោះថ្ងៃទី២៩ ខែមេសា ដល់ ថ្ងៃទី៥ ខែឧសភាឆ្នាំ២០២១ ដែលជាឈើគ្មានលិខិតអនុញ្ញាតឱ្យធ្វើការនាំចេញពីកម្ពុជាឡើយ (ឈើរត់ពន្ធ)៕