សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាគ្រោងចុះបញ្ជី​សែន​ក្រអូប និង​ដំណើប​ស្បៃ​មង្គល ​ជាម៉ាកសមូហភាព

សង្គម​ និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី១៩ ឧសភា ២០២១ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បាន​លើក​ជា​សំណើ​ក្នុងការ​ស្វាគមន៍​នូវ​កិច្ចសហការជាមួយនឹង​សហគ្រិន​ខ្មែរ (Khmer Enterprise) លើ​ការផ្សព្វផ្សាយ ​និង​ធ្វើ​ទីផ្សារ​ប្រភេទ​អង្ករ២​បន្ថែមទៀតគឺ ​សែន​ក្រអូប និង​ដំណើប​ស្បៃ​មង្គល​ដែល​ពេលនេះ​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជាបាន និងកំពុង​តែ​ចាប់ផ្តើម​នូវ​គម្រោង​ចុះបញ្ជី​ម៉ាក​សមូហភាព (Collective Mark) និង​ សម្ភោ​ធ​ម៉ាក​ទាំង​២​នេះក្រោម​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​អូស្ត្រាលី​តាមរយៈ​កម្មវិធី​ខ្សែសង្វាក់​តម្លៃ​កសិកម្មកម្ពុជា​-​អូស្ត្រាលី​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បាន​លើក​ជា​សំណើ​ក្នុងការ​ស្វាគមន៍​ម៉ាកអង្ករ២ ប្រភេទថ្មីនេះនៅក្នុងកិច្ចប្រជុំ​រួមគ្នា​មួយរវាងសហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និងសហគ្រិន​ខ្មែរដើម្បី​ពិភាក្សាគ្នា​លើ​ការធ្វើ​ទីផ្សារ និង​ផ្សព្វផ្សាយ​អង្ករកម្ពុជាដើម្បី​ពង្រីក​ទីផ្សារ​នាំចេញ​នាំចេញដែលជា​កម្មវិធី​មួយ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សម្រាប់​ជួយ​ដល់​សហគ្រាស​ក្នុងស្រុកក្នុងការ​លើកកម្ពស់​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផលសេដ្ឋកិច្ច និង​ពាណិជ្ជកម្មកាលពី​ថ្ងៃទី​១៩ ខែឧសភាកន្លងទៅនេះ។

​នៅក្នុងកិច្ចពិភាក្សា​ការងារ​តាម​ប្រព័ន្ធ​អន​ឡាញដោយមាន​ការចូលរួម​ពី ​លោកស្រី គឹម ស្រីរ័ត្ន អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្ម​ការប្រតិបត្តិ​ផ្នែក​ទីផ្សារ និង​ជំរុញ​ការនាំចេញ នៃសហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ជាមួយ​សហគ្រិន​ខ្មែរ​ដែលមាន លោក គង់ សុ​ភី​វឌ្ឍនៈ ប្រធាន​ផ្នែក​ទីផ្សារ និង​ការវិនិយោគ​របស់​សហ​គ្រិន​ខ្មែរ និង​សហការី​ផ្សេងៗ​ទៀត ដើម្បី​ស្វែងយល់​អំពី​លទ្ធភាព​ក្នុងការ​សហការគ្នា​លើ​ការពង្រីក​ទីផ្សារ​នាំចេញ​អង្ករ​កម្ពុជាដែល​ផ្តោតលើ​ការងារ​ទីផ្សារ និង​ការងារ​ផ្សព្វផ្សាយ​លើ​ឆាក​អន្តរជាតិ​ក្នុងការបញ្ជ្រាបអំពី​កិត្តិនាម​អង្ករ​កម្ពុជា​ប្រកបដោយ​គុណភាព​។

លោកស្រី គឹម ស្រីរ័ត្ន បាន​សម្តែង​នូវ​ការអរគុណ​ចំពោះ​ការគាំទ្រ​យ៉ាងខ្លាំង​ក្លា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សហគ្រិនខ្មែរ​ជា​អង្គភាព​ស្ថិតក្រោម​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុមកកាន់​វិស័យ​ឯកជនតាមរយៈ​ជំនួយ​ជា​កញ្ចប់​ថវិកា និង​បច្ចេកទេស​នានាជាពិសេស​គឺ​ការចាប់អារម្មណ៍​មកលើ​វិស័យ​ស្រូវ​អង្ករក្នុង​ការងារ​ទីផ្សារ និង​ការផ្សព្វផ្សាដែលនាំឱ្យមាននូវកិច្ចពិភាក្សា​នេះ​ឡើង​។​

​លោក គង់ សុ​ភី​វឌ្ឍនៈ បានបង្ហាញ​នូវ​ការចាប់អារម្មណ៍​ខ្ពស់​លើ​ទីផ្សារ​ស្រូវ​អង្ករ​កម្ពុជាជាពិសេស​លើ​ការធ្វើ​ម៉ាក​សញ្ញា​អង្ករដែល​សហព័ន្ធ​បានធ្វើ​កន្លងមកគឺ​ ម៉ាក​ម្លិះ​អង្គរ​។ បន្ថែម​លើ​ម៉ាក​ម្លិះ​អង្គរ​នេះសហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាក៏បាន​លើក​ជា​សំណើ​ក្នុងការ​ស្វាគមន៍​នូវ​កិច្ចសហការជាមួយនឹង​សហគ្រិន​ខ្មែរលើ​ការផ្សព្វផ្សាយ​ និង​ធ្វើ​ទីផ្សារ​ប្រភេទ​អង្ករ ២​បន្ថែមទៀត គឺ​សែន​ក្រអូប និង​ដំណើប​ស្បៃ​មង្គល​ដែល​ពេលនេះ​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា បាននិងកំពុង​តែ​ចាប់ផ្តើម​នូវ​គម្រោង​ចុះបញ្ជី​ម៉ាក​សមូហភាព (Collective Mark) និង​សម្ភោ​ធ​ម៉ាក​ទាំង​២​នេះក្រោម​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​អូស្ត្រាលី​តាមរយៈ​កម្មវិធី​ខ្សែសង្វាក់​តម្លៃ​កសិកម្មកម្ពុជា​-​អូស្ត្រាលី​។

​កាលពីពេលកន្លងទៅសហព័ន្ធស្រូវអង្ករកម្ពុជាបានចុះបញ្ជីម៉ាកវិញ្ញតកម្មអង្ករម្លិះអង្គរ (Certification mark) ជាមួយក្រសួងពាណិជ្ជកម្មកម្ពុជាម្តងរួចមកហើយ។ បន្ថែមពីនេះសហ ព័ន្ធនឹងចុះអនុស្សារណៈយោយល់ជាមួយចិនក្នុងពេលឆាប់ៗខាងមុខនេះដើម្បីជួយជំរុញការនាំចេញម៉ាកអង្ករដែលបានបញ្ជាក់គុណភាព និងចុះបញ្ជីរួចជាពិសេសម៉ាកម្លិះអង្គរ និងសែនក្រអូប៕