លោក ជិន ផល ជាកសិករដាំដំណាំបន្លែជាច្រើនមុខលើផ្ទៃដីប្រមាណ ១០អា ស្ថិតនៅភូមិពូលូង សង្កាត់រម្យនា ខេត្តមណ្ឌលគីរី។ លោកបានប្រកបរបរនេះ ៤ឆ្នាំមកហើយសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងខេត្ត។ ផលទទួលបានពីបន្លែ ធ្វើឲ្យជីវភាពធូរធារ។ អនាគតលោកគ្រោងនឹងពង្រីកផ្ទៃដីបន្ថែម។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ដើម្បីលើកទឹកចិត្តដល់ប្រជាកសិករប្រកបរបរដាំបន្លែនៅក្នុងខេត្តមណ្ឌលគីរី ក្នុងការជំរុញផលិតភាពផលិតកម្មបន្លែឲ្យកាន់តែរីកចម្រើនថែមទៀតទាំងបរិមាណ និងគុណភាព ធានាបាននូវនិរន្តរភាពផ្គត់ផ្គង់ឲ្យទីផ្សាររាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្ត លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២២ ខែឧសភានេះ បានចុះពិនិត្យចម្ការបន្លែសុវត្ថិភាពរបស់លោក ជិន ផល ដែលកំពុងដាំការ៉ុត ស្ពៃបូកគោ ស្ពៃក្តោប ត្រកូន លើផ្ទៃដីប្រមាណ ១០អា នៅភូមិពូលូង សង្កាត់រម្យនា ខេត្តមណ្ឌលគីរី។
ជាមួយគ្នានោះលោក វេង សាខុន កោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ជិន ផល ក្នុងការដាំបន្លែជាអាជីពសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ និងរួមចំណែកផ្គត់ផ្គង់ឲ្យតម្រូវការទីផ្សារ កាត់បន្ថយការនាំចូល ក្នុងបរិបទនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩។
លោកក៏បានលើកទឹកចិត្តឲ្យខិតខំបន្ថែមទៀត ដើម្បីឆក់យកឱកាសដែលទីផ្សារកំពុងត្រូវការ និងជាពិសេសដើម្បីលើកកម្ពស់កម្រិតជីវភាពកាន់តែល្អប្រសើរ តាមរយ:ការរកែប្រែទម្លាប់នៃការដុះតាមបែបធម្មជាតិ ទៅធ្វើការដាំដុះតាមតម្រូវការទីផ្សារ ការបញ្ជាទិញ និងអនុវត្តកសិកម្មតាមកិច្ចសន្យា អនុវត្តបច្ចេកទេសកសិកម្មទំនើបទាន់សម័យ កាត់បន្ថយពលកម្ម ដើមទុនផលិត ការប្រើប្រាស់ធាតុចូលកសិកម្មឲ្យបានត្រឹមត្រូវ មាន ប្រសិទ្ធភាព ទទួលបានប្រសិទ្ធផល។
ទន្ទឹមនឹងនោះផងដែរលោក វេង សាខុន ណែនាំឲ្យប្រធានមន្ទីរជួយចងក្រងបណ្តុំផលិតបន្ថែដល់ពួកគាត់ ដើម្បីមានឱកាសសហការផលិតផ្គត់ផ្គង់ឲ្យក្រុមហ៊ុនប្រមូលទិញ និងបញ្ជ្រាបបច្ចេកទេសបន្ថែម៕