នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ការចោទប្រកាន់នេះ វាអយុត្តិធម៌ពេកសម្រាប់កម្ពុជា ហើយក៏អយុត្តិធម៌សម្រាប់ចិនផងដែរ។ គ្រាន់តែវ៉ាក់សាំង ដែលយកចាក់ជូនប្រជាពលរដ្ឋជាងពីរលាននាក់ បើសិនគ្មានការជំនួយពីចិន និងការផ្គត់ផ្គង់ពីចិន កម្ពុជាក៏គ្មានវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋនោះដែរ។ លោកបានលើកជាសំណួរថា ក្រៅពីកូវ៉ាក់ ដែលបានផ្ដល់ជាង៣០ម៉ឺនដូស តើមានប្រទេសណាមួយ បានបញ្ជូនមកដល់កម្ពុជាហើយឬនៅ ?
ការចោទសួរត្រឡប់របស់នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើឡើងបន្ទាប់ពីអ្នកសម្របសម្រួលបានចោទសំណួរទៅសម្តេចនៅក្នុងសន្និសីទអន្តរជាតិស្តីពី “អនាគតរបស់អាស៊ី” កាលពីថ្ងៃទី២០ ខែឧសភា ថា៖ កម្ពុជាមានលំអៀង ឬពឹងពាក់ខ្លាំងទៅលើចិន។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “ខ្ញុំគិតថាគួរតែពិនិត្យឡើងវិញ ពាក់វែនតាអោយបានប្រសើរ សម្លឹងឆ្ពោះមកលើនយោបាយការបរទេសរបស់កម្ពុជា តើគេគួរមានឥរិយាបថយ៉ាងណាចំពោះកម្ពុជា ទើបកម្ពុជាទទួលយក ? ពីព្រោះយើងខ្ញុំមិនដែលបានបិទទ្វារផង ជំនួយក៏មិនដែលបានបិទទ្វារ វិនិយោគក៏មិនដែលបានបិទទ្វារ ពាណិជ្ជកម្មក៏មិនដែលបានបិទទ្វារ ក៏ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថា អ្នកណាហុចដៃមក គឺយើងខ្ញុំទទួល អ្នកណាផ្ដល់ឲ្យ យើងខ្ញុំទទួល លើកលែងតែពួកភេរវកម្ម។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក zhao li jian បានអះអាងក្នុងសន្និសីទមួយកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ថា៖ សម្តេចតេជោហ៊ុន សែន មានការយល់ដឹងដ៏ស៊ីជម្រៅ និងវៀងវៃបំផុតចំពោះផ្នែកនយោបាយ និងមានទស្សនវិស័យខាងយុទ្ធសាស្ត្រវែងឆ្ងាយ ហើយជាទម្លាប់របស់សម្តេចតេជោ ហ៊ុន សែន នៅចំពោះមុខបញ្ហាធំៗតែងតែប្រកាន់ជំហរសុទិដ្ធិនិយម យុត្តិធម៌ជានិច្ច។ ដោយមិនត្រឹមតែបានចូលរួមវិភាគទានយ៉ាងលេចធ្លោ ដើម្បីការអភិវឌ្ឍន៍ប្រទេស និងការពារកិត្តិយសរបស់ជាតិសាសន៍ នៃប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីការពារទំនាក់ទំនងអន្តរជាតិមានលក្ខណៈលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់និងអន្តរជាតិផងដែរ។
បើតាមអ្នកនាំពាក្យរូបនេះ ប្រទេសចិនតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងចិន-កម្ពុជា ហើយប្រទេសទាំងពីរប្តេជ្ញាលើកកម្ពស់មិត្តភាពជាប្រពៃណីនិងសកម្មក្នុងការកសាងសហគមន៍វាសនាតែមួយចិន-កម្ពុជា។
ទន្ទឹមនឹងនោះលោកបានសង្កត់ធ្ងន់ថា ប្រទេសចិនបានផ្តល់ជំនួយជាបន្តបន្ទាប់ ហើយនឹងបន្តផ្តល់ជំនួយទៅតាមលទ្ធភាពរបស់ខ្លួនជាបន្តទៀត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងការកែលម្អជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសកម្ពុជា ដើម្បីអោយប្រជាជន នៃប្រទេសទាំងពីរ ជាពិសេសប្រជាជនកម្ពុជាអាចទទួលបានអត្ថប្រយោជន៍ជាក់ស្តែង និងពិតប្រាកដពីកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងចិន និងកម្ពុជា៕
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ