លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌វ័យក្មេង ដែលតែងតាំងកាលពីថ្ងៃទី៣០ ខែមីនា ២០២០កន្លងទៅ។ លោកត្រូវបានប្រជាជនចាត់ថា ជារដ្ឋមន្រ្តីវ័យក្មេងដែលពោរពេញទៅដោយសមត្ថភាពផ្នែកច្បាប់។
គេហទំព័រឧកញ៉ាញូស៍សូមណែនាំលោកអ្នកមកស្គាល់ដំណើរជីវិត និងការសិក្សាមុនក្លាយជារដ្ឋមន្រ្តីវ័យក្មេងល្បីឈ្មោះមួយរូបនៅកម្ពុជា៖
លោក កើត រិទ្ធ កើតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៧៩ ស្ថិតនៅភូមិព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ លោកជានិស្សិតដែលតស៊ូព្យាយាមសិក្សា បើទោះបីជាជីវភាពគ្រួសារមិនធូរធាក្តី ក៏លោកនៅតែខិតខំជួយរបរគ្រួសារផង និងខំរៀនផង រហូតទទួលបានអាហាររូបករណ៍សិក្សាផ្នែកច្បាប់នៅប្រទេសបារាំងនៅឆ្នាំ១៩៩៩។
ក្នុងឆ្នាំ ២០០០ លោកទទួលបានបរិញ្ញាបត្រនីតិឯកជនពីសាកលវិទ្យាល័យ លីយ៉ុង២ ប្រទេសបារាំង។ ឆ្នាំ ២០០១ ទទួលបានសញ្ញាបត្រ Maîtrise ផ្នែកច្បាប់ពីសាកលវិទ្យាល័យលីយ៉ុង២ ជាមួយនឹងនិទ្ទេសល្អណាស់។ ឆ្នាំ២០០២ ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ព្រហ្មទណ្ឌ និងវិទ្យាសាស្រ្តនៃបទឧក្រិដ្ឋ នៅសាកលវិទ្យាល័យ លីយ៉ុង៣ ប្រទេសបារាំង។
នៅឆ្នាំបន្ទាប់លោកបានសម្រេចចិត្តត្រឡប់មកប្រទេសកម្ពុជាវិញ។ លោក កើត រិទ្ធិ ធ្វើជាសាស្រ្តាចារ្យផ្នែកច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ទាំងថ្នាក់ភាសាបារាំង និងភាសាខ្មែរ ចាប់តាំងពីឆ្នាំ ២០០២ រហូតដល់ឆ្នាំ ២០១៦ ដើម្បីចែករំលែកចំណេះដឹងដល់និស្សិតខ្មែរ និងមន្រ្តីរាជការ។
លោក កើត រឹទ្ធ ជាស្ថាបនិកក្នុងការបង្កើតនូវក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌមួយរូបក្នុងចំណោមថ្នាក់ដឹកនាំផ្សេងទៀតផងដែរនៃក្រសួងយុត្តិធម៌។ ជាមួយគ្នានោះលោក កើត រិទ្ធ ក៏ជាបុគ្គលដែលបានចុះផ្សព្វផ្សាយច្បាប់ទាក់ទងនឹងក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌទៅដល់ចៅក្រម ព្រះរាជអាជ្ញា និងមន្រ្តីអនុវត្តន៍ច្បាប់ តាមបណ្តាខេត្តផងដែរ។
ក្នុងអាជីពផ្នែកច្បាប់ លោកជាសហនិពន្ធសៀវភៅ សេចក្តីផ្តើមនៃច្បាប់កម្ពុជា បោះពុម្ពផ្សាយក្នុងឆ្នាំ ២០០៣ និង ២០០៥ ដែលជាសហនិពន្ធសៀវភៅ កំណត់ពន្យល់លើសេចក្តីព្រាងក្រមព្រហ្មទណ្ឌទាក់ទងលើវិភាគទានលើការសិក្សាច្បាប់ព្រហ្មទណ្ឌ កម្ពុជា បោះពុម្ពឆ្នាំ ២០០៥។ និពន្ធអត្ថបទស្តីពីធាតុផ្សំនៃបទល្មើសរំលោភ និងការវិវត្តរបស់វានៅក្នុងច្បាប់ព្រហ្មទណ្ឌកម្ពុជា បោះពុម្ពឆ្នាំ ២០០៦ ក្នុងព្រឹត្តិបត្រនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យសាស្ត្រសេដ្ឋកិច្ច និងក៏ជាសហនិពន្ធសៀវភៅ នីតិកម្ពុជា បោះពុម្ពផ្សាយក្នុងឆ្នាំ ២០១៦។
ភាពជោគជ័យក្នុងការសិក្សា និងអាជីពបណ្តាឲ្យកាន់នួទានីសំខាន់ៗរួមមាន៖ ឆ្នាំ២០០៣-២០០៥ មន្រ្តីរាជការស៊ីវិលក្រសួងអប់រំយុវជន និងកីឡា, ឆ្នាំ២០០៥-២០១២ មន្រ្តីរាជការស៊ីវិលក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ, ឆ្នាំ២០០៧-២០១៣ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងឆ្នាំ២០០៨ ដល់បច្ចុបន្ន ជាសមាជិកគណៈកម្មការមូលបត្រកម្ពុជា, ឆ្នាំ២០១២ ដល់បច្ចុប្បន្ន ជាសមាជិក ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, ឆ្នាំ២០១៤ ដល់បច្ចុប្បន្ន ជាសមាជិកគណៈកម្មាធិការកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌, ឆ្នាំ២០១៣ ដល់ ២០១៨ ជារដ្ឋលេខាធិការក្រសួងយុត្តិធម៌, ឆ្នាំ២០១៨ ដល់ ២០២០ ជារដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងនៅថ្ងៃទី ៣០ ខែមីនា ២០២០ ជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌៕