ក្រុមការងារមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុនដែលមានស្លាកយីហោ TESLA ក្រោយមានការបង្ហោះពេញបណ្តាញសង្គមថា ក្រុមហ៊ុនរបស់មហាសេដ្ឋី Elon Musk បានបើកការិយាល័យនៅប្រទេសកម្ពុជា។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
លោក លី គង់ អនុប្រធានមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារដោយសហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ចុះត្រួតពិនិត្យលើទីតាំងក្រុមហ៊ុនដែលមានស្លាកយីហោ “TESLA” ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី (១១០) សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីណែនាំឲ្យក្រុមហ៊ុនដែលមានទីតាំងខាងលើ ធ្វើការចុះបញ្ជីពាណិជ្ជកម្ម និងម៉ាករថយន្តរបស់ក្រុមហ៊ុន TESLA នៅក្រសួងពាណិជ្ជកម្ម និង ស្នើសុំការអនុញ្ញាតលើកស្លាកយីហោនៅរដ្ឋបាលរាជធានីភ្នំពេញ ។
បើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ កាលពីខែមេសា បានប្រាប់អ្នកសារព័ត៌មានថា ក្រសួងពាណិជ្ជកម្មបានចុះបញ្ជី ក្រុមហ៊ុនTesla ចំនួន ពីរគឺ ១-ក្រុមហ៊ុន TESLA INDUSTRIES CO., LTD និងក្រុមហ៊ុន ២-TESLA ENGINEERING AND CONSTRUCTION CO., LTD ។ ក្រុមហ៊ុនទាំងពីរនេះ មានអាស័យដ្ឋាននៅមហាវិថីព្រះមុនីវង្ស (ម្ដុំបឹងត្របែក) ។
ឆ្លើយតបនឹងសំណួរ ថាតើក្រុមហ៊ុនអាមេរិក Tesla Inc របស់លោក Elon Musk ពិតជាបើកទីតាំងលក់រថយន្តនៅកម្ពុជា ឬយ៉ាងណានោះ អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាលោក ឆែត រ៉ូដឹម៉ៃយើរ (Chad Roedemeier) បានប្រាប់សារព័ត៌មានកោះសន្តិភាពថា «លោកមិនទាន់មានព័ត៌មានអ្វីពាក់ព័ន្ធនឹងប្រធានបទនេះនោះទេ» ។
សូមជម្រាបថា Tesla គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីល្បាញមួយនៅលើពិភពលោក ជារបស់កំពូលមហាសេដ្ឋី Elon Musk ដោយបច្ចុប្បន្នក្រុមហ៊ុនផ្លូវការ Tesla មានសាខានៅតាមប្រទេសប្រមាណជិត ៤០ប្រទេស ហើយក្នុងនោះសម្រាប់ប្រទេសសមាជិកអាស៊ានវិញ គឺមានតែសឹង្ហបុរីតែមួយគត់៕