បន្ទាប់ពីភ្លៀងធ្លាក់ជោគជាំអស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ បានធ្វើឱ្យផ្លូវជាតិលេខ៣ និងផ្លូវលេខ៣៣ ទទួលរងនូវការគំរាមកំហែងដោយជំនន់ទឹកភ្លៀង ដែលធ្វើឱ្យផ្លូវទាំងនេះមានការខូចខាតយ៉ាងដំណំជាច្រើនកន្លែង ហើយផ្លូវនេះនិងត្រូវជួសជុលឡើងវិញ ឲ្យបានលឿនជាទីបំផុត។ នេះបើតាមការលើកឡើង ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានដឹកនាំមន្ដ្រីបច្ចេកទេសក្រោមឱវាទក្រសួង អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ដ្រីបច្ចេកទេស ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប និងខេត្តកំពត កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ។
គិតត្រឹមថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ មានខេត្តចំនួន ១១ ដែលទទួលរងនូវទឹកជំនន់ដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំងជាច្រើនថ្ងៃ បង្កឱ្យមានការខូចខាតផ្លូវចំនួន៣៦ខ្សែ សរុបប្រវែង ៦០គីឡូម៉ែត្រ ក្នុងនោះក៏មានខេត្តកែប និងខេត្តកំពតផងដែរ។
ថ្លែងនៅក្នុងឱកាសចុះពិនិត្យស្ថានភាពផ្លូវរងការខូចខាតនាពេលនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ផ្លូវមានការខូចខាតដោយសារកត្តាអាកាសធាតុ ដោយសារមានភ្លៀងធ្លាក់ជោគជាំជាច្រើនថ្ងៃ តំបន់ខ្លះមានប្រភេទដីទន់ (ដីស្អុយ) ការដឹកទំនិញលើសទម្ងន់កម្រិតកំណត់ បានធ្វើឱ្យផ្លូវឆាប់ទទួលរងការខូចខាត។ សម្រាប់កំណាត់ផ្លូវជាតិលេខ៣ (កំពត -វាលរេញ)ត្រូវបានធ្វើការសិក្សាបច្ចេកទេសឡើងវិញ ដើម្បីធ្វើឱ្យប្រសើរឡើង ដោយចាក់ថ្មគ្រឹះ និងលើកតួផ្លូវកម្ពស់ ០,៨ម៉ែត្របន្ថែមទៀត។
ឯកឧត្តមបានបន្តថា ក្រសួងនឹងបញ្ចេញគ្រឿងចក្រធ្វើការជួលជុលបន្ទាន់ បន្ទាប់ពីទឹកភ្លៀងឈប់ធ្លាក់ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមានការងាយស្រួលក្នុងការធ្វើដំណើរ ។
ឯកឧត្តមទេសរដ្ឋមន្ដ្រី បានស្នើឱ្យក្រុមហ៊ុនសាងសង់ ស្រោចទឹកលើផ្លូវឱ្យបានញឹកញាប់ ក្នុងអំឡុងពេលសាងសង់ ដើម្បីកាត់បន្ថយការហុយធូលីដីដល់បងប្អូនប្រជាពលរដ្ឋ ដែលអាចបង្កឱ្យកើតមានជម្ងឺផ្សេងៗ និងជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុក្នុងពេលធ្វើដំណើរ។
ឯកឧត្តមទេសរដ្ឋមន្ដ្រី បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋមានការយោគយល់អធ្យាស្រ័យ ចំពោះការហុយធូលី ការកកស្ទះចរាចរណ៍ និងពិបាកធ្វើដំណើរក្នុងពេលសាងសង់ និងសូមកុំបន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលបណ្ដាលឱ្យផ្លូវរបស់យើងឆាប់ខូចខាត នាំឱ្យខាតបងថវិកាជាតិ។
សូមបញ្ជាក់ផងដែរថា៖ ផ្លូវនេះនឹងត្រូវធ្វើការជួសជុលឱ្យបានរួចរាល់នៅក្នុងខែធ្នូ ចុងឆ្នាំ២០១៩នេះ ដើម្បីរៀបចំព្រឹត្តិការណ៍ធំៗចំនួន២ គឺពិធីបុណ្យសមុទ្រជុំទី៣ នៅខេត្តកំពត ចាប់ពីថ្ងទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ និងពិធីប្រណាំងកង់អន្តរជាតិ ចាប់ពីខេត្តកោះកុង ឆ្ពោះមកខេត្តកែប ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែមករា ឆ្នាំ២០២០៕
អត្ថបទនិងរូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន