ក្រុមហ៊ុនវីត្រាស់ អឹព្រេហ្សល បានសម្រេចកិច្ចសហការតភ្ជាប់ប្រព័ន្ធវាយតម្លៃអចលនទ្រព្យតាមឌីជីថលរបស់ខ្លួន ទៅប្រព័ន្ធវាយតម្លៃហានិភ័យឥណទានរបស់ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (ស៊ីប៊ីស៊ី) ដែលជាការបើកទំព័រថ្មីមួយ នៃការអភិវឌ្ឍសេវាវាយតម្លៃអចលនទ្រព្យតាមឌីជីថលនៅកម្ពុជា។
ក្រុមហ៊ុនទាំងពីរបានរៀបចំពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) នៅថ្ងៃព្រហស្បតិ៍ទី ២៧ ខែឧសភានេះ ដោយការព្រមព្រៀងធ្វើសមាហរណកម្ម កម្មវិធីវាយតម្លៃអចលនទ្រព្យតាម អ៊ីនឌីខេសិន ផ្លើស ភ្លេតហ្វម (Indication Plus Platform) របស់ក្រុមហ៊ុនវីត្រាស់ អឹព្រេហ្សល ទៅ ភ្លេតហ្វមនៃឧបករណ៍វាយតម្លៃឥណទានរបស់ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (ស៊ីប៊ីស៊ី)។ ពិធីនេះបានធ្វើឡើងតាមប្រព័ន្ធវីឌីអូ Zoom ដោយមានការចុះហត្ថលេខាលើ MoU ដោយលោក វង្ស សុខាល ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនវីត្រាស់ អឹព្រេហ្សល និងលោក អឿ សុធារ័ត្ន នាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ។
លោក វង្ស សុខាលបានថ្លែងនៅក្នុងពិធីចុះហត្ថលេខាថា កិច្ចសហការនេះនឹងបង្កើនប្រសិទ្ធភាពប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ និងជំរុញឲ្យការប្រើប្រាស់សេវាវាយតម្លៃអចលនទ្រព្យកាន់តែទូលំទូលាយដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់ ដោយសារថា អ៊ីនឌីខេសិន ផ្លើស ភ្លេតហ្វម (Indication Plus Platform) ជាសេវាកម្មវាយតម្លៃអចលនទ្រព្យទំនើបបែបឌីជីថល ដែលអាចវិភាគ និងចេញជារបាយការណ៍វាយតម្លៃអចលនទ្រព្យសង្ខេប និងមានលក្ខណពេញលេញដោយស្វ័យប្រវត្តិ ថែមទាំងមានការរៀបចំចងជាប្រព័ន្ធរូបមន្តត្រឹមត្រូវដោយអ្នកជំនាញ និងតាមស្តង់ដាវាយតម្លៃអចលទ្រព្យអន្តរជាតិ។ លើសពីនេះ អ្នកប្រើប្រាស់ទាំងអស់អាចពិនិត្យមើលការវិវត្តន៍នៃដំណើរការវាយតម្លៃចាប់ពីពេលបានដាក់បញ្ជូនសំណើ រហូតដល់ចេញជារបាយការណ៍វាយតម្លៃសង្ខេបជាស្ថាពរ។
លោកថ្លែងថា៖«តាមរយៈសេវា អ៊ីនឌីខេសិន ផ្លើស ភ្លេតហ្វម នេះ លោកអ្នកអាចចូលប្រើ និងស្នើ [ការវាយតម្លៃអចលនទ្រព្យ] បានគ្រប់ពេលវេលា ងាយស្រួល ឆាប់រហ័សប្រកបដោយទំនុកចិត្តខ្ពស់ ព្រមទាំងបានដឹងពីតម្លៃអចលនទ្រព្យគ្រប់ទីកន្លែងនៅទូទាំងប្រទេស ដែលអ្វីៗស្ថិតក្នុងដៃរបស់លោកអ្នកតែម្តង»។ លោក សុខាល បញ្ជាក់ថា៖«លោកអ្នកអាចចូលពីការិយាល័យកណ្តាល មើលសំណើទាំងអស់របស់ក្រុមការងារ របស់គ្រប់បណ្តាញសាខា និងស្ថាប័នរបស់លោកអ្នកទាំងស្រុង និងភ្លាមៗយ៉ាងងាយស្រួល រហ័ស តាមរយៈ អ៊ីនឌីខេសិន ផ្លើស ភ្លេតហ្វម ដែលផ្ទុកទិន្នន័យទូលំទូលាយ និងមានវិសាលភាពនៅទូទាំងប្រទេស»។
យោងតាមការបញ្ជាក់ពីអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ ការមានសេវាវាយតម្លៃអចលនទ្រព្យប្រកបដោយទំនុកចិត្តខ្ពស់ មានតម្លាភាព និងវិសាលភាពទូលំទូលាយ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រតិបត្តិការក្នុងវិស័យហិរញវត្ថុ ជាពិសេសសម្រាប់ការស្នើសេវាកម្មកម្ចី។ មូលហេតុគឺថា អ្នកទទួលកម្ចីទាំងអស់ដែលដាក់ទ្រព្យជាវត្ថុធានា នឹងទទួលបានទំហំកម្ចីសមស្របតាមតម្លៃទ្រព្យធានា និងលទ្ធភាពអាចសងត្រទ្បប់វិញ ខណៈស្ថាប័នហិរញ្ញវត្ថុដែលជាអ្នកផ្តល់កម្ចីវិញ អាចធ្វើការវាយតម្លៃពីលទ្ធភាពរបស់អតិថិជនបានត្រឹមត្រូវ និងចៀសវាងហានិភ័យនានា ស្របតាមបទបញ្ញត្តិគ្រប់គ្រងហានិភ័យឥណទានដែលបានដាក់ចេញ និងណែនាំដោយធនាគារជាតិនៃកម្ពុជា។
លោក អឿ សុធារ័ត្ន នាយកប្រតិបត្តិក្រុមហ៊ុន ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) បានមានប្រសាសន៍ថា ការសម្រេចចុះអនុស្សរណៈនៃការយោគយល់គ្នា នៅថ្ងៃនេះនឹងជួយបង្កើនដំណោះស្រាយ និងពង្រឹងប្រសិទ្ធភាពប្រតិបត្តិការផ្តល់នូវសេវាព័ត៌មានហិរញ្ញវត្ថុ ឧបករណ៍វិភាគទិន្នន័យ និង របាយការណ៍ឥណទាន ទៅដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់នៅក្នុងប្រទេសកម្ពុជា។
លោកថ្លែងថា៖«បើយើងមើលទំហំឥណទានសរុបនៅក្នុងវិស័យហិរញ្ញវត្ថុ យើងឃើញថា ជាង ៥០ ភាគរយនៃឥណទានដែលបានបញ្ចេញលើទីផ្សារគឺជាឥណទានដែលមានការធានាដោយមានទ្រព្យបញ្ចាំ ហើយក្នុងនោះទ្រព្យបញ្ចាំភាគច្រើនទៀតគឺជាដីធ្លី និងផ្ទះសម្បែង ដែលប្រតិបត្តិការនេះមានខ្ទង់ប្រហែលជា ១៥០ ០០០ ទៅ ២០០ ០០០ ប្រតិបត្តិការក្នុងមួយខែ»។
លោកបន្តថា៖«ខ្ញុំសង្កេតឃើញថា វីត្រាស់ជាក្រុមហ៊ុន មួយក្នុងចំណោមក្រុមហ៊ុនដែលមានជំហរច្បាស់លាស់យូរអង្វែង ហើយជាក្រុមហ៊ុនមួយដែល បានបម្រើនៅក្នុងវិស័យអចលនទ្រព្យជាយូរមកហើយគឺតាំងពីឆ្នាំ ២០០៤ មកម្ល៉េះ។ ខ្ញុំក៏សូមកោតសរសើរមែនទែននៃដំណើរការនៃការកសាងគ្រឹះឌីជីថល ដែលជាដំណោះស្រាយយ៉ាងឈ្លាសវៃមួយនៅក្នុងការវាយតម្លៃអចលនទ្រព្យ ដែលអាចផ្លាស់ប្តូរនូវរបៀបការវាយតម្លៃអចលនទ្រព្យដែលកំពុងតែប្រើប្រាស់ក្នុងទីផ្សារសព្វថ្ងៃឲ្យកាន់តែមានប្រសិទ្ធភាពជាងមុន»។
របាយការណ៍ត្រីមាសទី១ ឆ្នាំ២០២១ របស់ស៊ីប៊ីស៊ីបានបង្ហាញថា គិតត្រឹមដំណាច់ខែមីនាឆ្នាំ ២០២១ នេះ ឥណទានអចលនទ្រព្យមានចំណែកដល់ទៅ ៥១,៧២ ភាគរយ នៃសមតុល្យឥណទានបុគ្គលសរុបនៅកម្ពុជា ១០,៣៩ ពាន់លានដុល្លារ៕