សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍តាមរយៈសារជាសម្លេង នៅព្រឹកថ្ងៃទី២៩ ខែឧសភា នេះថា រាជរដ្ឋាភិបាលនឹងខិតខំធ្វើឲ្យសម្រេចនូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឲ្យអស់ ឬឲ្យចប់នៅក្នុងឆ្នាំនេះ ឬយឺតបំផុតនៅដើមឆ្នាំក្រោយ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
បើតាមនាយករដ្ឋមន្ត្រី ការចាក់វ៉ាក់សាំងនៅទីក្រុងភ្នំពេញ គឺជាអាទិភាពខ្ពស់បំផុត ហើយបន្តទៅទីប្រជុំជននៅខេត្តកណ្ដាល។ បន្ទាប់មកទៀត នឹងចេញទៅគោលដៅសំខាន់ៗនានា នៅតាមទីប្រជុំជន ទីរួមខេត្ត និងតំបន់រោងចក្រដែលមានកម្មករកកកុញ។
តាមការប៉ាន់ស្មាន ប្រជាពលរដ្ឋខ្មែរ ដែលត្រូវចាក់វ៉ាក់សាំងមានប្រមាណ១០ លាននាក់ ហើយប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ នៅទីប្រជុំជនខេត្តកណ្ដាល និងតំបន់ដែលមានកម្មករច្រើន មានចន្លោះពី៥ ទៅ ៦ លាននាក់ ដែលជាចំណុចអាទិភាពក្នុងការចាក់វ៉ាសាំង តាមដំណាក់កាល និងតាមចំនួនវ៉ាក់សាំងដែលយើងមាន។
គម្រោង វ៉ាក់សាំងនឹងមកដល់ចំនួន៤ លាន៥ សែនដូសបន្ថែមទៀត នៅខែមិថុនា ខាងមុខ ហើយរាជរដ្ឋាភិបាលនឹងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យចប់សព្វគ្រប់នៅដំណាច់ឆ្នាំនេះ ឬដើមឆ្នាំក្រោយ៕