ប្រព័ន្ធប្រឡាយបេតុងថ្មីនេះនឹងប្រែក្លាយស្រុកបន្ទាយស្រីឱ្យទៅជា«ដែនដីកសិទេសចរណ៍»ដ៏សម្បូរបែបមួយ

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ប្រគល់ប្រឡាយបេតុងថ្មី នៅក្នុងឃុំត្បែង មានប្រវែងសរុបជិត១០០០ម៉ែត្រ នឹងបំរើផលប្រយោជន៍ដល់ប្រជាពលរដ្ឋជាង១៥០គ្រួសារលើផ្ទៃដីស្រោចស្រពជាង៣៥០ហិកតា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ


លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី មានប្រសាសន៍ថា ពិតមែនតែជាតំបន់ខ្ពង់រាប បន្ទាយស្រីជាស្រុកដែលសម្បូរទៅដោយទឹកហូរឆ្លងកាត់ច្រើននារដូវវស្សា ដែលមានប្រភពមកពីផ្ទៃរងទឹកភ្លៀងដ៏វែងអន្លាយនៃទីជម្រាលជួរភ្នំគូលែន ប៉ុន្តែទឹកទាំងនេះភាគច្រើនបានហូរបាចសាចចោល មិនទាន់ត្រូវបានស្ទាក់សន្សំរក្សាទុកសម្រាប់យកទៅស្រោចស្រពឱ្យអស់លទ្ធភាពនៅឡើយទេ។

លោកថា ចាស់បុរាណបានរៀបចំជាបារាយណ៍ និងទំនប់ជាច្រើនកន្លែងនៅក្នុងតំបន់នេះដើម្បីទាញយកប្រយោជន៍ពីកត្តាអំណោយផលជាពិសេសពីធម្មជាតិមួយនេះ ប៉ុន្តែពេលវេលា និងការវិវត្តនៃការប្រើប្រាស់ដីបានធ្វើឱ្យប្រព័ន្ធធារាសាស្ត្រចាស់ៗមានការបាត់បង់ខូចខាតលែងប្រើប្រាស់បាន ដែលជាហេតុធ្វើឱ្យអូរ ប្រឡាយ ស្ទឹង បឹងបួរ មួយចំនួនត្រូវបានរីងស្ងួត ប្រជាពលរដ្ឋនៅតាមតំបន់នេះលែងមានទឹកប្រើប្រាស់គ្រប់គ្រាន់ ហើយដីសាធារណៈរបស់រដ្ឋមួយចំនួននៅតាមដានផ្លូវទឹកចាស់ៗថែមទាំងត្រូវបានរំលោភយកជាកម្មសិទ្ធិឯកជនដោយខុសច្បាប់ទៀតផង។

ហេតុដូច្នេះហើយទើបរដ្ឋបាលស្រុកបន្ទាយស្រីគ្រោងនឹងវិនិយោគកញ្ចប់ថវិកាអភិវឌ្ឍន៍របស់ខ្លួននៅក្នុងឆ្នាំនេះបូករួមជាមួយនឹងមូលនិធិឃុំ ដើម្បីជួសជុលទំនប់ចាស់ៗសំខាន់ៗឡើងវិញ ក៏ដូចជាស្តារ និងកសាងអូរ-ប្រឡាយចាំបាច់មួុយចំនួនបន្ថែមទៀតផងដែរ។

គួបផ្សំនឹងយុទ្ធសាស្ត្រជំរុញការធ្វើកសិទេសចរណ៍នៅក្នុងតំបន់ដែលមានសក្តានុពលទាំងផ្នែកកសិកម្មនិងផ្នែកទេសចរណ៍ ការធានាឱ្យបាននូវប្រព័ន្ធធារាសាស្ត្រខ្វាត់ខ្វែងគ្រប់គ្រាន់នឹងក្លាយទៅជាការលើកទឹកចិត្តដ៏សំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋ និងអ្នកវិនិយោគ ក្នុងការចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យនេះ ជាពិសេសនៅក្នុងឃុំត្បែង ដែលជាឃុំនៅជាប់នឹងភ្នំគូលែននេះស្រាប់តែម្តង។

សូមបញ្ជាក់ថា ប្រឡាយបេតុងថ្មីនៅក្នុងឃុំត្បែងនេះ បច្ចុប្បន្នមានប្រវែងសរុបជិត១០០០ម៉ែត្រហើយ ដែលបានកញ្ចប់ថវិកាមកពីមូលនិធិឃុំចំនួន២ឆ្នាំជាប់គ្នា(ឆ្នាំ២០១៩ និងឆ្នាំ២០២០) និងបានជាប្រយោជន៍ដល់ប្រជាពលរដ្ឋជាង១៥០គ្រួសារលើផ្ទៃដីស្រោចស្រពជាង៣៥០ហិកតាផងដែរ៕