ថ្លែងក្នុងឱកាសចុះពិនិត្យមើលការដាំដំណាំទុរេនរបស់កសិករ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបន្តថា ការត្រៀមរៀបចំគោលនយោបាយដំណាំទុរេននេះដោយបានពិនិត្យឃើញថាដំណាំទុរេននេះកំពុងតែមានសក្តានុពលទីផ្សារនិងមានការពេញនិយមរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

លោក រដ្ឋមន្ត្រី បានបន្តទៀតថា “ការដាំដំណាំទុរេននៅកម្ពុជា នាពេលបច្ចុប្បន្ន កំពុងតែពេញនិយម ដោយសារមានអតិថិជននៅក្នុងស្រុកជាច្រើនបានគាំទ្រទៅលើគុណភាព និងសុវត្ថិភាពរបស់ផលិតផលទុរេនកម្ពុជា។ ម៉្យាងទៀត តម្លៃទុរេនក្នុងស្រុកគឺខ្ពស់ជាងទុរេននាំចូល ហើយមិនមានបញ្ហាទីផ្សារដោយសារមានតម្រូវការខ្ពស់”។

លោក រដ្ឋមន្ត្រី បាន បន្ថែម ទៀតថា ប៉ុន្តែ កសិករមួយចំនួនដូចជា ជាកសិករខ្នាតតូច ឬអ្នកដាំទុរេនជាលក្ខណៈគ្រួសារ ឬជាកំសាន្តតែប៉ុណ្ណោះ ដែលការដាំដុះរបស់ពួកគាត់គឺធ្វើទៅតាមការយល់ឃើញ ឬដាំតាមយថាកម្ម ដោយមិនបានយកចិត្តទុកដាក់អនុវត្តតាមបច្ចេកទេសឱ្យបានត្រឹមត្រូវទេ។

លោក រដ្ឋមន្ត្រីបាន បញ្ជាក់ថា គោលនយោបាយ ដែលត្រៀមដាក់ចេញនាពេលខាងមុខនេះ រួមមាន រៀបចំផែនការ និងទិសដៅពង្រីកការដាំដំណាំទុរេន និងដំណាំឈើហូបផ្លែ ដែលមានសក្តានុពលសម្រាប់ទីផ្សារក្នុង និងក្រៅប្រទេស។ បង្កើតស្ថានីយបង្កាត់ និងផលិតពូជទុរេននិងដំណាំហូបផ្លែដែលពេញនិយមសម្រាប់ផ្គត់ផ្គង់ដល់កសិករដើម្បីងាយស្រួលដាក់លក់នៅលើផ្សារក្នុង និងក្រៅប្រទេស។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួន ៥ ២៨៩ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល មានចំនួន ៣ ៤០៣ហិកតា ដែលទទួលបានបរិមាណផលប្រមាណ ៣៦ ៦៥៦តោនក្នុង១ឆ្នាំ៕