ស្រួលណាស់! ផ្លូវ​ជាតិលេខ៣ ពីភ្នំពេញទៅ​កំពត​ចាក់កៅស៊ូ AC បាន​ ៩៨% ឡើងរលោងស្រិល

សង្គម​ និង​សេដ្ឋកិច្ច

កំណាត់​ផ្លូវ​ជាតិ​លេខ ៣ ពី​ចោមចៅ​ដល់​ក្រុង​កំពត​សម្រេច​ការ​សាងសង់​បាន ៩៨ ភាគរយ។ នេះបើតាមការបញ្ជាក់របស់ លោក ហ៊ាង​ សុទ្ធាយុត្តិ​ អ្នក​នាំ​ពាក្យ​​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោកបន្ថែមថា កំណាត់​ផ្លូវ​ជាតិ ៣ ​ប្រវែង ១៣៥ គីឡូម៉ែត្រ ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ​គិតគូរ​ខ្ពស់​លើ​គុណភាព​​ ​សោភ័ណភាព ​និង​សុវត្ថិភាព​សម្រាប់​អ្នក​ប្រើប្រាស់​ដង​ផ្លូវ។ ផ្លូវ​នេះ​ត្រូវ​បាន​សាងសង់ ដោយ​មាន​សួន​ពុះ​កណ្ដាល​ទ្រូងផ្លូវ​ពី​ចោមចៅ​ទៅ​ដល់​បែក​គូស បែងចែក​ចរាចរណ៍​ទាំង​ពីរ​ទិស សម្រួល​ការ​ធ្វើ​ដំណើរ​​ កាត់​បន្ថយ​ការ​គ្រោះថ្នាក់​។ នៅលើ​ផ្លូវ​នេះ​​មានបំពាក់​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង​ក្រោម​ដី (High Speed) និង​តាម​ស្ថានីយ (Low Speed) ដើម្បី​ការពារ​ការ​ដឹក​លើស​ទម្ងន់ រួមទាំង​កាមេរ៉ា​ចាប់​ល្បឿន​សម្រាប់​ត្រួត​ពិនិត្យ​ការ​បើកបរ​លើស​ល្បឿន​កំណត់។

លោក​ហ៊ាង​ សុទ្ធាយុត្តិ បន្ត​​ថា ការ​ស្ថាបនា​ផ្លូវ​នេះយកចិត្តទុកដាក់​លើ​បច្ចេកទេស​គុណភាព​ ព្រោះ​ជា​ផ្លូវ​​ដ៏​សំខាន់​សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍​ទៅ​ខេត្តកំពត ខណៈលើ​កំណាត់​ផ្លូវ​នេះ​ក៏​មាន​រោងចក្រ​សហគ្រាសយ៉ាងច្រើន ត្រូវ​បាន​ពង្រីកធំទូលាយ ​ជួយ​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ដឹក​ជញ្ជូន​ផលិតផលទៅកាន់​ទីផ្សារបាន​ឆាប់​រហ័ស​ ជាពិសេស​​ភ្ជាប់​ទៅកាន់​កំពង់ផែ​​ទឹកជ្រៅ​ខេត្ត​ព្រះសីហនុ។

គួរ​បញ្ជាក់​ថា ​ផ្លូវជាតិ​លេខ​៣ មាន​ប្រវែង​សរុប ១៣៥ គីឡូម៉ែត្រ ចាប់ពី​ភ្នំពេញ​(​ចោមចៅ​) ដល់​ក្រុង​កំពត ដោយ​ឆ្លងកាត់​រាជធានី​ភ្នំពេញប្រវែង ១២​គីឡូម៉ែត្រ ខេត្ត​កណ្តាល ប្រវែង ១១​គីឡូម៉ែត្រ ខេត្ត​កំពង់ស្ពឺ ប្រវែង ៣០​គីឡូម៉ែត្រ ខេត្ត​តាកែវ ប្រវែង ៣០​គីឡូម៉ែត្រ និង​ខេត្តកំពត ប្រវែង ៥១​គីឡូម៉ែត្រ​។ ការស្ថាបនា​ផ្លូវ​នេះ​មាន​ពីរ​កំណាត់ ដោយ​ក្នុង​នោះ ប្រវែង៦៩គីឡូម៉ែត្រ ចាប់​ពី​ចោមចៅ ដល់​បែកគុស ​ត្រូវ​សាងសង់ជា ៤ គន្លង និង​ចាប់​ពី​បែកគូសដល់​ទី​រួម​ខេត្ត​កំពត ប្រវែង ៦៥ គីឡូម៉ែត្រ ត្រូវ​សាងសង់ជា ២គន្លង ដោយ​ក្រាល​បេតុង​កៅស៊ូ (AC)។ ការ​ស្ថាបនា​ផ្លូវ​នេះ​ប្រើ​កញ្ចប់​ថវិកា​ប្រមាណ​ជាង ២១៩ លាន​ដុល្លារ​អាមេរិក​ ដែល​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​ ៧ ខែ​ឧសភា ឆ្នាំ​ ២០១៨ និង​បាន​បញ្ចប់​មុន​គម្រោង​ប្រមាណ​ ១ ​ឆ្នាំ អាច​រួចរាល់​ទាំង​ស្រុង​នា​ឆ្នាំ​២០២១ នេះ៕