មិនមែនរីសតទេ គឺជាបន្ទប់ទឹកសាធារណៈ ដែលកំពុងសាងសង់តាមបណ្តោយឆ្នេរក្នុងខេត្តព្រះសីហនុ។
បន្ទប់ទឹកសាធារណៈថ្មីប្រកបដោយស្តង់ដា និងអនាម័យ កំពុងដំណើរការសាងសង់ចំនួន ១១ ទីតាំង នៅតាមបណ្តោយឆ្នេរអូឈើទាល ២ ឆ្នេរអូត្រេះរហូតដល់ពយឆ្នេរជំទាវម៉ៅ ដើម្បីបម្រើដល់ភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅតាមបណ្តោយឆ្នេរសមុទ្រទាំងនោះ។




នៅក្នុងគម្រោងបន្ទប់ទឹកសាធារណៈនេះ ត្រូវបានសាងសង់ជា ៣ ប្រភេទដោយទី១ គឺប្រភេទបន្ទប់ទឹក ៨ ជ្រុង ដែលមានទំហំ ១២,៩៦ ម៉ែត្រ X ១២,៩៦ ម៉ែត្រ។ ប្រភេទទី២ ជាប្រភេទបន្ទប់ទឹកដែលមានរាងចតុកោណកែង និងលម្អកណ្តាលដែលមានទំហំ ២៦ ម៉ែត្រ x១៧ ម៉ែត្រ និងប្រភេទទី៣ មានរាងជាការ៉េដែលមានទំហំ ៨,៨ ម៉ែត្រ x ៨,៨ ម៉ែត្រ។
រដ្ឋបាលខេត្តព្រះសីហនុ កំពុងជំរុញល្បឿននៃការសាងសង់ ហើយអាចនឹងដាក់ឱ្យដំណើរការនៅមុនបុណ្យចូលឆ្នាំខ្មែរខាងមុខ៕