វិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងលំនៅដា្ឋនកំពុងមានការរីកលូតលាស់ជាខ្លាំង បើទោះស្ថិតក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩ ដែលជាហេតុបណ្តាលឲ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ក្នុងនោះប្រទេសកម្ពុជាក៏មានការធ្លាក់ចុះផងដែរ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
សម្រាប់ក្រុមហ៊ុនដែលវិនិយោគលើវិស័យឧស្សាហកម្មស៊ីម៉ងត៍ កំពុងតែជំរុញការបង្កើនផលិតភាព និងគុណភាពស៊ីម៉ងត៍ ខណៈដែលតម្រូវការនៅតែស្ថិតនៅក្នុងអត្រាខ្ពស់ ទោះបីជាស្ថិតនៅក្នុងស្ថានភាព កូវីដ១៩យ៉ាងណាក្តី។
បច្ចុប្បន្ននេះ កម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍ធំៗចំនួន៥ ដែលមានសមត្ថភាពផលិតស៊ីម៉ងត៍បានចំនួនប្រមាណ៧លានតោនក្នុងមួយឆ្នាំ។ រោងចក្រទាំងនោះរួមមាន៖ រោងចក្រស៊ីម៉ងត៍កំពត រោងចក្រស៊ីម៉ងត៍ចក្រីទីង, រោងចក្រស៊ីម៉ងត៍ ជីបម៉ុង អ៊ិនស៊ី, រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន និងរោងចក្រស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី។
១.ក្រុមហ៊ុន Kampot cement co.,Ltd
កំពត ស៊ីមេន គឺជាក្រុមហ៊ុនផលិតស៊ីម៉ងត៍ធំជាងគេនៅកម្ពុជា។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ ជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ៩២.៥: ៧.៥ រវាងក្រុមហ៊ុន សៀមស៊ីម៉ងត៍ (Siam Cement) និងក្រុមហ៊ុន ខូវ ជូលី គ្រុប (Khaou Chuly Group Cambodia) ដែលជាក្រុមហ៊ុនសំណង់និងវិស្វកម្មកំពូលនៅកម្ពុជា។
Kampot cement មានរោងចក្រផលិតស៊ីម៉ងត៍របស់ខ្លួននៅខេត្តកំពត ហើយចាប់ផ្តើមដំណើរការនៅខែកុម្ភៈឆ្នាំ ២០០៨ និងមានសមត្ថភាពផលិត ៩៥០,០០០ តោនក្នុងមួយឆ្នាំ។
២. ក្រុមហ៊ុន Chip Mong Insee Cement Corporation
ក្រុមហ៊ុន ជីបម៉ុង អ៊ិនសេអ៊ីសស៊ីប៊ែរស៊ីខេ (CCIC) ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ ដោយការបណ្តាក់ទុនរួមគ្នាដែលមានតម្លៃ ២៦២ លានដុល្លារអាមេរិក។ ៦០% ត្រូវបានចាក់បញ្ចូលដោយក្រុមហ៊ុន CHIP MONG GROUP ជាសាជីវកម្មដ៏ធំបំផុតមួយនៅប្រទេសកម្ពុជាដែលមានបទពិសោធជាង ៣០ ឆ្នាំនៅក្នុងវិស័យសំណង់។ ចំនួន ៤០% ទៀតបានមកពីក្រុមហ៊ុន THAI SIAM CITY CEMENT CORPORATION មានទីស្នាក់ការកណ្តាលនៅប្រទេសថៃ ក្រុមហ៊ុនមានបទពិសោធជាង ៥០ ឆ្នាំដោយមានរោងចក្រស៊ីម៉ងត៍ នៅប្រទេសថៃ បង់ក្លាដែស ស្រីលង្កា និងវៀតណាម។
ជីបម៉ុង Insee មានរោងចក្រ នៅខេត្តកំពត ចម្ងាយ ១២៥ គីឡូម៉ែត្រខាងត្បូងរាជធានីភ្នំពេញ។
៣. ក្រុមហ៊ុន Cambodia Cement Chakrey Ting Factory Co., Ltd
រោងចក្រស៊ីម៉ង់ត៍ កម្ពុជាចក្រីទីង ត្រូវបានផ្តួចផ្តើមបង្កើតឡើងកាលពីឆ្នាំ២០១៤ ក្រោមទុនវិនិយោគប្រមាណជា ១០០ លានដុល្លារអាមេរិក ស្ថិតក្នុងភូមិភ្នំតូច ឃុំកណ្តាល ស្រុកទឹកឈូ ខេត្តកំពត លើផ្ទៃដីប្រមាណជា ៣២ ហិកតា។ រោងចក្រនេះអាចមានសមត្ថភាពផលិតស៊ីម៉ងត៍បានដល់ ១,២២ លានតោនក្នុងមួយឆ្នាំដើម្បីផ្គត់ផ្គង់តម្រូវការដែលកំពុងកើនឡើងនៅក្នុងវិស័យសំណង់នៅកម្ពុជា។
៤. ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន
ក្រុមហ៊ុន Battambang Conch Cement Company Limited បានចាប់ផ្តើមប្រតិបត្តិការក្នុងឆ្នាំ២០១៨ នៅខេត្តបាត់ដំបង។ រោងចក្រនេះ បានទាញយកប្រយោជន៍ពីវិស័យសំណង់ដែលកំពុងរីកចម្រើនកម្ពុជា ប្រមាណ ២៣០ លានដុល្លារអាមេរិក។
រោងចក្រ ស៊ីម៉ងត៍បាត់ដំបងខនចច (Battambang Conch Cement Factory) ដែលលាតសន្ធឹងលើផ្ទៃដីជាង ៣១៦ ហិកតានៅក្នុងស្រុករតនៈមណ្ឌល នឹងអាចផលិតស៊ីម៉ងត៍បាន ២ លានតោនក្នុងមួយឆ្នាំ
រោងចក្រនេះគឺជាការបណ្តាក់ទុនរួមគ្នារបស់ក្រុមហ៊ុន ខុនស៊ី អ៊ិនធឺណេសិនណល ស៊ីខនធីង មានមូលដ្ឋាននៅប្រទេសចិន China-based Conch International Holding (HK) និងក្រុមហ៊ុន ខេធីស៊ីធីស៊ីម៉ងត៍ ខូអិលធីឌី (Battambang KT Cement Co., Ltd) ដែលគ្រប់គ្រងដោយពាណិជ្ជករក្នុងស្រុក លោកឧកញ៉ា វីញ ហួរ និងលោកឧកញ៉ា គង់ ទ្រី។
៥. ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត
ក្រុមហ៊ុន Thai Boom Roong Cement Co.,Ltd ជារោងចក្រផលិតស៊ីម៉ងត៍ក្រោមការវិនិយោគ ១១០លានដុល្លារ នៅខេត្តកំពត បានដំណើរការជាផ្លូវការកាលពីឆ្នាំ២០១៩ ដោយអាចផលិតបាន ១ លានតោនក្នុង ១ឆ្នាំ។
រោងចក្រនេះក្លាយជារោងចក្រស៊ីម៉ងត៍ទី ៥ នៅក្នុងប្រទេសកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងការអភិវឌ្ឍយ៉ាងរហ័សនៃវិស័យសំណង់។
រោងចក្រនេះត្រូវបានអភិវឌ្ឍលើផ្ទៃដី ៦៧៨,៤ ហិកតា ក្នុងស្រុកដងទុង ខេត្តកំពត ដោយរោងចក្រនេះស្ថិតលើផ្ទៃដីទំហំ ៩១ ហិកតា ជាមួយនឹងទុនវិនិយោគប្រហែល ១១០ លានដុល្លារ ជាការវិនិយោគរួមរវាងក្រុមហ៊ុនក្នុងស្រុក ថៃ ប៊ុនរ៉ុង ស៊ីម៉ងត៍ និងវិនិយោគិនចិន។
បើតាមការបញ្ជាក់ពីរដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ធ្លាប់ប្រាប់អ្នកសាព័ត៌មានឲ្យដឹងថា ត្រឹមចុងឆ្នាំ ២០១៩ កម្ពុជាមានរោងចក្រស៊ីម៉ងត៍៥ ដែលស្រូបយកបុគ្គលិកប្រហែល ២ ៧០០ នាក់ និងអាចមានសមត្ថភាពការផលិត ៨ លានតោន ជាមួយនឹងទុនវិនិយោគចំនួន ៨០០ លានដុល្លារ៕