លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៍នោថ្ងៃទី៥ ខែមិថុនា នេះថា៖ កម្ពុជាមានអ្នកឆ្លងវីរុសបំប្លែងថ្មី B.1.617ដែលមានប្រភពជាលើកដំបូងមកពីប្រទេសឥណ្ឌានេះចំនួន៤ករណីហើយក្នុងនោះមាន១ករណីបានព្យាបាលជាសះស្បើយកាលពីខែមេសាកន្លងទៅ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
លោកជំទាវបន្តថា ការរកឃើញវីរុសបំប្លែងថ្មី B.1.617 លើពលរដ្ឋកម្ពុជាដែលធ្វើដំណើរមកពីប្រទេសថៃនេះ គឺជាការបារម្ភមួយ ព្រោះថាវាអាចនឹងចរាចរលឿនជាងអ្វីដែលយើងរំពឹងទុក។ ហេតុដូច្នេះហើយ យើងត្រូវតែចាត់វិធានការការពារភ្លាមៗ និងអនុវត្តដោយយកចិត្តទុកដាក់បំផុត ដើម្បីការពារការចម្លងវីរុសបំប្លែងថ្មីនេះ។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា វីរុសបំប្លែងថ្មី B.1.617 ដែលបានរកឃើញដំបូងនៅប្រទេសឥណ្ឌា គឺមានភាពឆ្លងខ្លាំងជាង និងគ្រោះថ្នាក់ខ្លាំងជាង ហើយជាប្រភេទវីរុសដែលពិភពលោកកំពុងតែព្រួយបារម្ភបំផុត ខណៈវីរុសបំប្លែងថ្មី B.1.617 គ្រោះថ្នាក់ជាង វីរុសដែលមិនទាន់បំប្លែងខ្លួន ហើយសម្រាប់កម្ពុជាបានរកឃើញវីរុសនេះ ចំនួន ០៤ករណីមកហើយ ដោយករណីទី១ ត្រូវបានព្យាបាលជាសះស្បើយកាលពីខែមេសាកន្លងមក។
យ៉ាងណាក៏ដោយ លោកជំទាវសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវតែបន្តអនុវត្តវិធានការដែលដាក់ចេញដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ “៣ការពារ និង៣កុំ” ជាបន្តទៀត រួមជាមួយនឹងវិធានការផ្សេងៗទៀត ដែលដាក់ចេញដោយក្រសួងសុខាភិបាលដើម្បីកាត់ផ្តាច់ការចម្លងពីបុគ្គលមួយបន្តទៅបុគ្គលមួយទៀត៕