ពាក្យ«ប៉ូលកំណើនសេដ្ឋកិច្ច» ឬភាសាអង់គ្លេសហៅថា “Economic growth pole” មានន័យថា ជាទីកន្លែងប្រមូលផ្តុំសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។
រដ្ឋាភិបាលកម្ពុជាបានដាក់គោលដៅអភិវឌ្ឍប៉ូលសេដ្ឋកិច្ច៤កន្លែង ដើម្បីរៀបចំផែនការ និងចក្ខុវិស័យសមស្របតាមស្ថានភាពភូមិសាស្រ្ត ក៏ដូចជាសក្តានុពលដើម្បីរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ច។ តំបន់ប៉ូលសេដ្ឋកិច្ចទាំង ៤ កន្លែងនោះគឺរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងភូមិភាគឦសាន។
រាជធានីភ្នំពេញ
រាជធានីភ្នំពេញប៉ូលសេដ្ឋកិច្ចទីមួយ ជាបេះដូងនៃប្រទេសកម្ពុជា ហើយក៏ជាមណ្ឌលពាណិជ្ជកម្ម ជាច្រកផ្លូវទំនាក់ទំនងជាមួយសេដ្ឋកិច្ចសកលលោក។ ទីក្រុងដែលមានប្រជាជនជាង ៣ លាននាក់រស់នៅនេះ មានការរីកលូតលាស់ដ៏លឿនរហ័ស ជាមួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់សំណង់អគារខ្ពស់ៗដែលធ្វើឱ្យទីក្រុងចំណាស់មួយនេះបានដើរតួនាទីកាន់តែសំខាន់ឡើងក្នុងសេដ្ឋកិច្ចតំបន់។

កំណើននៃប្រជាជនរស់នៅក្នុងតំបន់ទីក្រុងបាននិងកំពុងមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលតម្រូវការឲ្យការពង្រីកអភិវឌ្ឍទីក្រុងមួយនេះ។ រាជធានីភ្នំពេញអាចនឹងត្រូវពង្រីកបន្ថែមទៀតនាពេលអនាគត ខណៈទីក្រុងនេះមានទំហំធំជិត៧០០គីឡូម៉ែត្រក្រឡារួចហើយ។
សេដ្ឋកិច្ចប្រទេសកម្ពុជាប្រមូលផ្តុំនៅរាជធានីភ្នំពេញក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ អត្រាកំណើនសេដ្ឋកិច្ចពីរខ្ទង់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានបង្កើតនូវការរីកដុះដាល់សេដ្ឋកិច្ចយ៉ាងរហ័សនៅរាជធានីភ្នំពេញ ជាពិសេសការវិនិយោគនៅក្នុងវិស័យសំណង់ អគារស្នាក់នៅ និងអាគារពាណិជ្ជកម្ម ខ្ពស់ៗ។
ព្រះសីហនុ
រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសអភិវឌ្ឍខេត្តព្រះសីហនុទាំងមូលក្លាយជាតំបន់ឧស្សាហកម្មគំរូរបស់ប្រទេសកម្ពុជា ដែលនឹងយកលំនាំតាមការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស «សេនចេន» របស់ចិន។ ខេត្តដែលជាប់សមុទ្រមួយនេះ មានអំណោយផលទីតាំងភូមិសាស្រ្តដ៏ធំធេងសម្រាប់កម្ពុជា ក្នុងការផ្សារភ្ជាប់ពាណិជ្ជកម្មរបស់ខ្លួនទៅក្នុងតំបន់។ ខេត្តជាប៉ូលសេដ្ឋកិច្ចទីពីរបន្ទាប់ពីភ្នំពេញនេះ មានសក្តានុពលទៅលើពាណិជ្ជកម្ម ឧស្សាហកម្ម មានកំពង់ផែទឹកជ្រៅ ងាយក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទទៅកាន់ទីផ្សារពិភពលោក និងជាប៉ូលដ៏ទាក់ទាញបំផុតសម្រាប់ទេសចរណ៍ ដែលមានឆ្នេរខ្សាច់ស្អាត និងកោះតូចធំជាច្រើនផងដែរ។

សៀមរាប
ខេត្តទេសចរណ៍ដ៏សំខាន់នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង រួមជាមួយការគិតគូរដល់ការពារ និងកែលម្អបរិស្ថាន ផាសុខភាពរបស់ប្រជាពលរដ្ឋ និងការរៀបចំអភិវឌ្ឍទីក្រុងឆ្លាតវៃ (Smart City) ផងដែរ។

រដ្ឋាភិបាលបានបញ្ចេញថវិកាពិសេសលើគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនៅទីក្រុងសៀមរាប ដែលនឹងបញ្ចប់ក្នុងឆ្នាំ២០២១ នឹងធ្វើឱ្យទីក្រុងអតីតរាជធានីអាយុកាលជាង ១០០០ ឆ្នាំនេះ ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍ ដ៏មានសក្តានុពល ដែលមានហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា តភ្ជាប់ទីប្រជុំជន ទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា ដែលនឹងជំរុញកំណើនដឹកជញ្ជូន ទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩។
ភូមិភាគឦសាន
រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា តំបន់ភូមិភាគឥសាន្ត (ខេត្តមណ្ឌលគីរី និងរតនគីរី) នេះ នឹងក្លាយជាតំបន់ប៉ូលសេដ្ឋកិច្ចមួយដ៏សំខាន់របស់ប្រទេស ដែលនឹងមានការអភិវឌ្ឍន៍ទៅទាំងសំណុំ មានកសិឧស្សាហកម្ម កសិទេសចរណ៍ និងវិស័យផ្សេងទៀត ដើម្បីសម្រេចចក្ខុវិស័យធ្វើឱ្យខេត្តមណ្ឌលគិរី និងតំបន់ភូមិភាគឦសាន្តទាំងមូល ឱ្យក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងនិរន្តរភាព ពិសេសគឺជាគោលដៅអេកូទេសចរណ៍ចម្បងរបស់ប្រទេសជាតិ។

រាជរដ្ឋាភិបាលគ្រោងបង្កើត ព្រលានយន្តហោះអន្តរជាតិថ្មីបន្ថែមទៀត នៅភូមិភាគឥសាន្ត(មណ្ឌលគិរី) ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង និងបំពេញការអភិវឌ្ឍន៍ឲ្យគ្រប់ជ្រុងជ្រោយ។ ទៅថ្ងៃអនាគតព្រលានយន្តហោះខេត្តមណ្ឌលគិរីនេះ អាចនឹងត្រូវប្រើប្រាស់ជាព្រលានយន្តហោះក្នុងតំបន់ (Regional airport) តភ្ជាប់ខេត្តមណ្ឌលគិរី ទៅគោលដៅទេសចរណ៍ជិតខាង ដូចជា ប្រទេសថៃ វៀតណាម និងឡាវ ព្រមជាមួយទីក្រុងសំខាន់ៗផ្សេងទៀតរបស់អាស៊ាន និងហួសទៅដល់ទីក្រុងសំខាន់ៗរបស់ប្រទេសចិនផងដែរ។
ការរីកចម្រើននៃតំបន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ ដែលក្បាលសេដ្ឋកិច្ចទី១-នៅភ្នំពេញ ទី២-នៅខេត្តព្រះសីហនុ និងប៉ូលសេដ្ឋកិច្ចទី៣នៅខេត្តសៀមរាប និងប៉ូលសេដ្ឋកិច្ចទី៤ នៅភាគឦសាន មានន័យថា ក្បាលនាគកំរើកនៅខេត្តព្រះសីហនុ ទ្រូងនាគ ឬជើងមុខកំរើកនៅរាជធានីភ្នំពេញ ពោះនាគ ឬជើងក្រោយកំរើកនៅខេត្តសៀមរាប និងកន្ទុយនាគកំរើកនៅខេត្តភាគឦសាន (រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ និងព្រះវិហារ)៕